លោក Parag Agrawal ទើបនឹងទទួលបានតំណែងជា CEO ប្រចាំក្រុមហ៊ុនបណ្ដាញសង្គមល្បីឈ្មោះ Twitter បន្ទាប់ពីបានចំណាយពេលធ្វើការនៅក្រុមហ៊ុនមួយនេះតាំងពីឆ្នាំ ២០១១ ដែលគិតមកទល់ពេលនេះគឺ ១០ ឆ្នាំគត់តែម្ដង។
ចូលធ្វើការដំបូងនៅក្រុមហ៊ុន Twitter បុរសជនជាតិឥណ្ឌារូបនេះគឺជាបុគ្គលិកផ្នែកវិស្វករបច្ចេកវិទ្យា ដែលបានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រពីសកលវិទ្យាល័យ IIT Bombay និងជាបណ្ឌិត PhD ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Stanford University។
ក្នុងតំណែងជាវិស្វករបច្ចេកវិទ្យាប្រចាំក្រុមហ៊ុន Agrawal រ៉ាប់រង និងខិតខំអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Twitter Ads និងព្យាយាមបង្កើនកំណើនអ្នកប្រើប្រាស់ឲ្យបានកាន់តែច្រើន ជាពិសេសគឺអ្នកប្រើប្រាស់តាមផ្ទះតែម្ដង។
ដោយឡែកតំណែងថ្មីជានាយកប្រតិបត្តិប្រចាំ Twitter បានជួយឲ្យបុរសវ័យ ៣៧ ឆ្នាំទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំ ១ លានដុល្លារអាមេរិក និងបន្តជាបេក្ខភាពនៃផែនការប្រាក់លើកទឹកចិត្តសម្រាប់ថ្នាក់ដឹកនាំកំពូលប្រចាំក្រុមហ៊ុនជាមួយគម្រោងបន្ថែមប្រាក់លើកទឹកចិត្ត ១៥០% នៃប្រាក់បៀវត្សប្រចាំឆ្នាំគោលផងដែរ។ នេះបើតាមការឲ្យដឹងពីគេហទំព័រផ្លូវការរបស់ Twitter ទៅកាន់ US SEC។
បន្ថែមពីប្រាក់បៀវត្សប្រចាំឆ្នាំដ៏ច្រើនសន្ធឹក បុរសជនជាតិឥណ្ឌាក៏ទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀត ដែលនោះគឺក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុននឹងផ្ដល់ចំណែកភាគហ៊ុនដែលនឹងមានតម្លៃរហូតដល់ ១២,៥ លានដុល្លារអាមេរិកទៅកាន់លោក Agrawal ផងដែរ។
ប្រភពដដែលបន្ថែមថា ថវិកា ១២,៥ លានដុល្លារអាមេរិក នឹងផ្ដល់ឲ្យក្នុងរយៈពេល ១៦ ត្រីមាសស្មើៗគ្នា គិតចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ២០២២តទៅ ហើយនៅខែមេសា ២០២២ ក្រុមប្រឹក្សាភិបាលនឹងសម្រេចប្រគល់ប្រាក់នោះទៅឲ្យ Agrawal តាមរយៈការបញ្ចេញសមត្ថភាពរបស់លោក ថាមិនត្រូវលោកអាចនឹងទទួលបានប្រាក់ទាំងអស់នោះមុនកាលកំណត់ប្រសិនបើលោកដឹកនាំក្រុមហ៊ុនបានល្អ។
បញ្ជាក់ដែរថា Agrawal បានចូលរួមនៅក្នុងបញ្ជីឈ្មោះ CEO ជនជាតិឥណ្ឌាសម្រាប់ក្រុមហ៊ុនធំៗនៅអាមេរិកដែលមានដូចជា លោក Sundar Pichai (GOOGLE), Satya Nadella (Microsoft), Arvind Krishna (IBM), Shantanu Narayen (Adobe CEO) និង Rangarajan Raghuram (Vmware) ជាដើម៕
ប្រភព: livemint