ឯកឧត្ដម ហ៊ុន ម៉ានី បង្ហើបពីភាពចាស់ទុំគួរឱ្យគោរពរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងគ្រួសារ

សង្គម​ និង​សេដ្ឋកិច្ច


“បងធំខ្ញុំ មុខនៅក្មេងជាងគេ ប៉ុន្តែគាត់មានភាពចាស់ទុំ ដែលប្អូនៗទាំងអស់គ្នាឲ្យតម្លៃខ្ពស់ និងមានការគោរពស្រលាញ់”។ នេះជាការលើកសរសើរចំៗរបស់ ឯឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះឯកឧត្ដម ហ៊ុន ម៉ាណែត ដែលត្រូវជាបងប្រុសធំនៅក្នុងក្រុមគ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដម បានបន្ថែមទៀតថា៖ “កន្លងមក ពុកម៉ែធ្លាប់បាននិយាយថា មិនចង់ឃើញកូនៗ ធ្វើនយោបាយឡើយ ដោយយោងទៅលើភាពលំបាក ការទទួលខុសត្រូវ និងការលះបង់ ដែលពួកគាត់ផ្ទាល់បានឆ្លងកាត់។ ប៉ុន្តែបរិបទសង្គមបានផ្លាស់ប្តូរ ដែលនាំឲ្យយើងបានដើរមកដល់ចំណុចនេះ ដែលនេះប្រហែលពួកខ្ញុំទាំងអស់គ្នា មានឈាមជ័រជាអ្នកគិតគូពីបញ្ហាសង្គម ចង់ឃើញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលយើងកំពុងតែមាននេះថ្ងៃនេះ និងបន្តទៅថ្ងៃអនាគត”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ធ្នូ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសជាសាធារណៈថា សម្តេចគាំទ្រឲ្យកូនប្រុសច្បង គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើជានាយករដ្ឋមន្រ្តី ឈរឈ្មោះបោះឆ្នោតជាបេក្ខភាព នាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត។

បន្ទាប់ពីសម្ដេចតេជោ បានប្រកាសគាំទ្រ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឈរឈ្មោះបោះឆ្នោតជាបេក្ខភាព នាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត។ មជ្ឍដ្ឋានទូទៅផ្សេងៗទៀត នៅកម្ពុជាថ្ងៃនេះ គេក៏ឃើញមានការចែករំលែក និងកោតសរសើរយ៉ាងខ្លាំងចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ ឆ្លងកាត់តាមបទពិសោធន៍ការងារសង្គម ជួយកសាងជាតិ និងដឹកនាំ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនៅកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រជាជនចាត់ថា ជាអ្នកមានការសិក្សាអប់រំខ្ពង់ខ្ពស់មកពីបរទេស និងមានសមត្ថភាពដឹកនាំប្រកបដោយភាពពេញលេញ។

មហាជនគ្រប់ស្រទាប់វណ្ណៈទាំងរាស្ត្រ និងមន្ត្រីគ្រប់ជាន់ថ្នាក់ បានកើតសរសើរពីលក្ខណៈសម្បត្តិរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថាលោក គឺជាបុគ្គល ដែល៖

– មានការអប់រំ និងចំណេះដឹងខ្ពស់ ទាំងផ្នែករដ្ឋបាល សេដ្ឋកិច្ច ការទូត និងយោធា

– មានសមត្ថភាពសម្របសម្រួលការងារទាំងក្នុងចំណោមយុវជន និងរវាងយុវជន និងរៀមច្បងដទៃទៀត

– បានដឹកនាំការងារមនុស្សធម៌ និងសុខាភិបាលប្រកបដោយភាពជោគជ័យ និងសាទរស្វាគមន៍ពីសំណាក់ប្រជាជន ជាពិសេសក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវ

– បានចូលរួមដោយផ្ទាល់ក្នុងការការពារបូរណភាពទឹកដី និងអង្គព្រះមហាក្សត្រ

– មានសុខភាពល្អ កាយសម្បទារឹងមាំ និងអាចអត់ធន់គ្រប់ការងារ

– មានចរិតលក្ខណៈល្អ សុភាពរាបសារ រួសរាយរាក់ទាក់ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ជាពិសេសមានប្រវត្តិដូច សម្តេចតេជោ គឺមិនបោះបង់ចោលកូនចៅ សហការី និងប្រជាជន នៅគ្រប់កាលៈទេសៈ ទោះបីជាត្រូវប្រឈមនឹងឧបសគ្គ ឬការគំរាមកំហែងរបស់គូប្រជែង ឬសត្រូវយ៉ាងណាក៏ដោយ

– មានទំនាក់ទំនងល្អជាមួយតំណាងកម្មករ និយោជិត និងអ្បកវិនិយោគ

– ជានិមិត្តរូបនៃអំពើល្អ និងការខិតខំតស៊ូនឹងការងារ

– ជាកូន ជាចៅ ជាស្វាមី ជាឪពុក និងជាបងគំរូ នៃសង្គមកម្ពុជា!

– ជាពុទ្ធសាសនិកជនដ៏ស្មោះស្ម័គ្រ និងជាអ្នកមានបេះដូងទូលាយចំពោះការគោរព ប្រណិប័តន៍ ប្រពៃណី ជំនឿ និងសាសនា នានា!

– មានបទពិសោធន៍ និងស្នាដៃលេចធ្លោក្នុងការងារគណបក្ស និងទំនាក់ទំនងអន្តរជាតិ!