ក្រុមអ្នកវិនិយោគិនខ្មែរ និងអ៉ឺរ៉ុប ចាប់ដៃគ្នាបង្កើតដៃគូរសហការជាយុទ្ធសាស្ត្រ ដើម្បីជំរុញការវិនយោគអចលនទ្រព្យរវាងកម្ពុជា និងប្រទេសសមាជិកអុឺរ៉ុប។ ក្រុមហ៊ុនដែលបានចុះអនុស្សរណៈយោគយល់គ្នារួមមាន ក្រុមហ៊ុន Zillennium Co., Ltd, ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd, លោក សាយ សុខ ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial, លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment, លោក Jerry Morgan ស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន Mercan Group និងអ្នកនាង Jasmine Dang អគ្គនាយកក្រុមហ៊ុន Mercadia Cambodia ប្រចាំប្រទេសកម្ពុជា និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។
កិច្ចសហការគ្នានេះ ត្រូវបានរំពឹងថានឹងក្លាយជាការត្រួសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុន ក្នុងការសហការដើម្បីពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជាែដលមានលទ្ធភាពទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្កាល់ និងទទួលបានសិទ្ធរស់នៅ ហើយកិច្ចសហការនេះនិងរួមចំណែកដ៏សំខាន់ក្នុងការកៀរគអ្នកវិនិយោគពីប្រទេសសមាជិកសហគមន៍អុឺរ៉ុបមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
លើសពីនេះ គឺជាការបោះជំហានដ៏សំខាន់ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។
របាយការណ៍ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ដែលបានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២១ បានកត់សម្គាល់ថា សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងកើនឡើង ៤,០ ភាគរយក្នុងឆ្នាំ ២០២១ និង ៥,៥ ភាគរយក្នុងឆ្នាំ ២០២២។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាមួយបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ នឹងគាំទ្រតម្រូវការដ៏រឹងមាំសម្រាប់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា និងការវិនិយោគផ្ទាល់បរទេសជាបន្ត។
ការកើនឡើងការវិនិយោគផ្ទាល់បរទេសដែលបានអនុម័តអំឡុងពេលឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៩ ដែលជាចំណែកភាគច្រើនបំផុតបានមកពីប្រទេសចិន មានប្រមាណ ២១,៨១ ភាគរយ ដែលកាលពីដើមឆ្នាំ២០២១ គឺជាប្រភពនៃការវិនិយោគដ៏ទូលំទូលាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រភពអភិវឌ្ឍដែលរួមមានកៅស៊ូ និងទេសចរណ៍។ ប្រទេសចិនតាមពីក្រោយដោយប្រទេសកូរ៉េក្នុងចំនួន ៦,១៦ ភាគរយ និងចក្រភពអង់គ្លេស ៥,០១ ភាគរយ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
ប្រភពសំខាន់ៗផ្សេងទៀតគឺប្រទេសម៉ាឡេស៊ី ៣,៥៩ ភាគរយ ជប៉ុន ៣,១៣ ភាគរយ ហុងកុង ៣,០៥ ភាគរយ កោះតៃវ៉ាន់ ១,៧៧ ភាគរយ វៀតណាម ២,៣១ ភាគរយ សិង្ហបុរី ១,៦៤ ភាគរយ និងថៃ ១,៥៤ ភាគរយ ដែលការវិនិយោគទាំងនោះភាគច្រើនបានមកពីក្រុមហ៊ុនឧស្សាហកម្មកាត់ដេរ។