ក្រុមហ៊ុន Tiffiny & Co. គឺជាក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ធំបំផុតមួយលើលោក ហើយថ្មីៗនេះពួកគេទើបនឹងប្រកាសផលិតនូវខ្សែកពេជ្រមួយខ្សែដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុនសម្រាប់រយៈពេល ១៨៤ ឆ្នាំមកនេះ។
ក្រុមហ៊ុនល្បីឈ្មោះខាងលើមិនបានបញ្ចេញតម្លៃជាក់លាក់នៃខ្សែកដ៏ស្រស់ស្អាតមួយខ្សែនេះនៅឡើយ។ តែបើតាមប្រភពពីអ្នកជំនាញនៅក្នុងវិស័យមួយនេះ តម្លៃរបស់វាអាចនឹងស្ថិតនៅចន្លោះពី ២០ ទៅ ៣០ លានដុល្លារអាមេរិក។
យ៉ាងណា Tiffany & Co. គ្រោងដាក់បង្ហាញគ្រឿងអលង្ការមួយនេះនៅក្នុងកម្មវិធីពិព័រណ៍ The World’s Fair Necklace នៅទីក្រុងឌូបៃនាថ្ងៃអាទិត្យ ខណៈខ្សែកមួយខ្សែនេះនឹងរចនាឡើងដោយមានគ្រាប់ពេជ្រជាឈុតសរុប ១៨០ ការ៉ាត់ និងបន្តោងបំពាក់ដោយគ្រាប់ពេជ្រមួយគ្រាប់ Empire Diamond ដែលមានទំហំ ៨០ ការ៉ាត់។ នេះបើតាមការចុះផ្សាយពី CNN។
សម្រាប់បុគ្គលរូបណាដែលបញ្ជាទិញខ្សែកមួយខ្សែនេះនៅក្នុងពិព័រណ៍នោះ នឹងទទួលបានគ្រឿងអលង្ការដល់ទៅ ២ ពោលគឺខ្សែកមានបន្តោង ៨០ ការ៉ាត់មួយខ្សែនេះ និងចិញ្ចៀនដែលមានដាំពេជ្រមួយគ្រាប់ផងដែរ។
យ៉ាងណា បើទោះជាវាបំពាក់ជាមួយនឹងគ្រាប់ពេជ្រទំហំ ៨០ ការ៉ាត់ក្ដី តែយើងនៅមិនទាន់ដឹងថា វាអាចនឹងបំបែកកំណត់ត្រាខ្សែកថ្លៃបំផុតឡើយ ពោលកំណត់ត្រានេះគឺកំពុងកាន់កាប់ដោយខ្សែក The Pink Star ជាខ្សែកពេជ្រពណ៌ផ្កាឈូកទំហំ ៥៩,៦ ការ៉ាត់ ដែលបានដាក់ដេញថ្លៃនៅទីក្រុងហុងកុង តម្លៃ ៧១,២ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៧៕
ប្រភព: Therichest