នៅថ្ងៃទី០៨ ធ្នូ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិផ្លូវការ ថ្វាយចំពោះព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ដ្រីទី១ និងជាអតីតប្រធានរដ្ឋសភាកម្ពុជា។ ការសម្រេចនេះ ធ្វើឡើងតាមសារាចរណែនាំចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅថ្ងៃសុក្រម្សិលមិញ មុនពេលដែលព្រះសពសម្ដេចក្រុមព្រះ ត្រូវយាងដង្ហែមកដល់ប្រទេសកម្ពុជា នៅថ្ងៃអាទិត្យទី០៥ខែធ្នូស្អែកនេះ។
តាមរយៈសារាចរណែនាំ ដើម្បីកាន់ទុក្ខថ្វាយព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រដ្ឋាភិបាលកម្ពុជាបានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន វត្តអារាម មន្ទីរពេទ្យរដ្ឋនិងឯកជន មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ។ ចំណែកគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។
ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជាឲ្យជនរួមជាតិ ចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានបង្កើតឲ្យមានគណៈកម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្ដេចក្រុមព្រះ។ បើតាមគម្រោង ក្រោយពេលដែលយាងដង្ហែមកដល់កម្ពុជានាថ្ងៃអាទិត្យទី០៥ខែធ្នូ ព្រះសពរបស់សម្ដេចក្រុមព្រះ នឹងត្រូវតម្កល់ធ្វើបុណ្យរយៈពេល០៣ថ្ងៃនៅអតីតព្រះដំណាក់ចាស់នៅផ្លូវសម្ដេចប៉ាន មុនពេលប្រារព្ធពិធីបូជាថ្វាយព្រះភ្លើង នៅទីលានមុខវត្តបទុមវតី រាជធានីភ្នំពេញ។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយទិវង្គតនៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៨វិច្ឆិកា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
សូមរម្លឹកដែរថា ស្ថិតក្នុងព្រះរាជហឫទ័យសោកស្ដាយដ៏ជ្រាលជ្រៅចំពោះការយាងចូលទិវង្គតនៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រី ហ្លួងម៉ែ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន១២ម៉ឺនដុល្លារ ជូនដល់ព្រះបុត្រាបុត្រីសម្ដេចក្រុមព្រះ សម្រាប់រៀបចំពិធីបុណ្យព្រះសព។ ក្នុងនោះ ហ្លួងព្រះមហាក្សត្រ ព្រះរាជទានព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ និងហ្លួងម៉ែ ចំនួន ១០ម៉ឺនដុល្លារ៕