នៅថ្ងៃទី ២ ធ្នូ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ និងទីពីរ ក្នុងខេត្តព្រះសីហនុ។ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ រដ្ឋាភិបាលចំណាយថវិកាសរុបប្រមាណ ៣២៤ ០៧៩ ៩៦៤ ដុល្លារសហរដ្ឋអាមេរិក។
បើតាមសម្តេច ហ៊ុន សែន ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់សាងសង់នេះ ក្រៅពីរាជរដ្ឋាភិបាលផ្តល់ចំនួន ៣១០ ៤៦៦ ២៧៦ ដុល្លារ ក៏មានការចូលរួមវិភាគទានពីអ្នកឧកញ៉ា ឧកញ៉ា រួមនឹងសប្បុរសជនក្នុងស្រុកមួយចំនួន។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តផែនការរៀបចំដែនដីខេត្ត ព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព មជ្ឈមណ្ឌលកម្សាន្តជាតិ តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលកំណើនជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។
បើតាមលោក ជា សុផារ៉ា សមិទ្ធផលទាំងនេះនឹងចូលរួម សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល ដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានសុខដុមក្នុងសង្គម។
សូមជម្រាបជូនថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន៣៧ខ្សែក្នុងខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រវែងសរុប៨៤គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១ ៤៧០ ៥១១ម៉ែត្រការ៉េ សាងសង់ដោយអង្គភាព និងក្រុមហ៊ុនចំនួន៨ ចែកចេញជាបីប្រភេទរួមមាន៖ មហាវិថីចំនួនបីខ្សែប្រវែង ២០,៨គីឡូម៉ែត្រ វិថីចំនួន១៥ខ្សែប្រវែង៥០,៣គីឡូម៉ែត្រ និងអនុវិថីចំនួន១៩ខ្សែប្រវែង១២,៨គីឡូម៉ែត្រ ខ្សែផ្លូវនីមួយៗធ្វើពីបេតុងសរសៃដែក ក្រាលដោយកម្រាលកៅស៊ូបេទីម មានបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ផ្សេងគ្នា ចិញ្ចើមផ្លូវមានខឿនថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព និងផ្លូវជិះ កង់ក្រាលថ្មក្រានីត ដោយបានគិតគូរតាមប្លង់នគរូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងដែលមានភាពចាំបាច់ ដើម្បីធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដែលមានចរាចរណ៍ល្អប្រសើរប្រកបដោយនិរន្តរភាព៕