ប្រមុខការទូតកម្ពុជា ជួបទីប្រឹក្សារដ្ឋចិន វ៉ាង យី ពិភាក្សាលើការពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងដំណើរទស្សនកិច្ចការទូតផ្លូវការចំនួន​ពីរថ្ងៃនៅប្រទេសចិន ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគី ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅទីក្រុងហាងចូវ ខេត្តជឺជាំង ដើម្បីពិភាក្សាលើការពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំទ្វេភាគី ប្រមុខការទូតកម្ពុជា និងទីប្រឹក្សារដ្ឋចិន ភាគីទាំងព​ីរបានបន្តប្តេជ្ញាកសាងភាពធន់ទប់ទល់នឹងជំងឺកូវីដ-១៩ ពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍ លើកស្ទួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងបច្ចេកទេសជាដើម។ បើតាមប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងមិត្តភាពដ៏គង់វង្សរបស់មិត្តចិន។

May be an image of 6 people and people standing

លោកថ្លែងថា ទោះបីជាការធ្វើដំណើរអន្តរជាតិនៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើនក៏ដោយ វិធានការរឹតបន្តឹងការធ្វើដំណើររបស់កម្ពុជា និងចិនគឺមានភាពធូរស្រាលច្រើនដែរហើយ ដោយសារតែរដ្ឋាភិបាលទាំងពីរបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ១២២២លានដុល្លារអាមេរិក មានកំណើន៤៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

May be an image of sky

ដោយឡែក ទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញ មានចំនួនប្រហែល៧៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕