ភាគីពីរបានសម្តែងអបអរសាទរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឲ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។
ការប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឲ្យបាន ១០ ពាន់លានដុល្លារនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅទីក្រុងហាងចូវ ខេត្តជឺជាំង។ ខណៈដែលប្រមុខការទូតកម្ពុជា បានបំពេញទស្សនកិច្ចការទូតផ្លូវការរចំនួនពីរថ្ងៃនៅប្រទេសចិន ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានជួបពិភាក្សាទ្វេភាគីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិប្តិការទ្វេភាគីលើការប្រយុទ្ធប្រឆាំងកូវីដ១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម។
ទន្ទឹមនឹងនោះ លោក វ៉ាង យី បានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបអរសាទរកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដោយទទួលបានជោគជ័យ។
បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ១២២២លានដុល្លារអាមេរិក មានកំណើន៤៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ដោយឡែក ទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញ មានចំនួនប្រហែល៧៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕