អ្នកឧកញ៉ា លី យ៉ុងផាត់ ជាម្ចាស់ក្រុមហ៊ុន L.Y.P Group ដែលមានក្រុមហ៊ុនបុត្រសម្ពន្ធជាច្រើនក្នុងពហុវិស័យ មានដូចជា ក្រុមហ៊ុនចំការកៅស៊ូ, នាំចូលបារី, ផ្សារបោះដុំម៉ាក្រូភ្នំពេញ Phnom Penh Sugar Plantation, O-Smach Electriciry and Water Supply, Koh Kong Resort, Phnom Penh Hotel បណ្តាញស្ថានីយទូរទស្សន៍ PNN ជាដើម។
សកម្មភាពនៃការវិនិយោគក្នុងមុខជំនួញជាច្រើននេះ បង្ហាញឲ្យឃើញថា អ្នកឧកញ៉ា លី យ៉ុងផាត់ បានចូលរួមចំណែកក្នុងការបង្កើតការងាររាប់ពាន់កន្លែងឲ្យប្រជាពលរដ្ឋ ពិសេស សម្រាប់ជួយទ្រទ្រង់ដល់ដង្ហើមសេដ្ឋកិច្ចកម្ពុជា។
ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមមិនបើកកាយលម្អិតពីមុខជំនួញរបស់លោកនោះទេ ដោយសូមបង្ហាញតែសកម្មភាពកិច្ចការមនុស្សធម៌បរិច្ចាគទ្រព្យធនជាច្រើនទ្ទង់លានដុល្លារដល់រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងឧបត្ថម្ភថវិការួមទាំងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ក្នុងឆ្នាំ២០២១នេះ សរុបប្រមាណជាង ៣,២៧៦,២០៩ដុល្លារ ខណៈដែលកម្ពុជារួមនឹងបណ្តាប្រទេសលើពិភពលោកកំពុងសស្រាក់សស្រាំប្រយុទ្ធប្រឆាំងមេរោគរាតត្បាតកូវីដ-១៩។
សូមជម្រាបថា ទិន្នន័យទឹកប្រាក់ប្រមាណជាង ៣លានដុល្លាររបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បរិច្ចាគជូនដល់រាជរដ្ឋាភិបាល សមាគម និងប្រជាពលរដ្ឋកម្ពុជា សម្រាប់ឆ្នាំ២០២១នេះ គឺក្រុមការងារឧកញ៉ាញូស៍បានពីការស្រាវជ្រាវ រួមនឹងផ្តល់ទិន្នន័យមួយចំនួនពីប្រភពជិតស្និទមួយបង្ហើបឲ្យដឹង។
អំណោយជាអង្ករ ១០តោន ទឹកត្រី ១០០យួរ ទឹកស៊ីវអ៊ីវ ១០០យួរ មី ១០០កេស ត្រីខកំប៉ុង ១០០យួរ ទឹកបរិសុទ្ធ១០០យួរនិងតង់ចំនួន២០ សរុបទឹកប្រាក់៤២,៥០០,០០០រៀល អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
នៅថ្ងៃទី២៧ ខែមីនាដដែល អ្នកឧកញ៉ាបានបរិច្ចាគថវិកាចំនួន ២លានដុល្លារអាមេរិក ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។ ការចូលរួមឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ប្រកាសទិញយកមន្ទីរពេទ្យឯកជនឈ្មោះ នគរទេព សម្រាប់ព្យាបាលជំងឺកូវីដ១៩ ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថវិកា ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានអ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន LYP Group នៅថ្ងៃទី២០ ខែមេសា បានចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។
នៅថ្ងៃទី២០ ខែមេសា អ្នកឧកញ៉ាក៏បានដឹកនាំក្រុមអ្នកឧកញ៉ា ឧកញ៉ាកម្ពុជាចំនួន ១២៦នាក់ នាំថវិកាសរុបចំនួន ១.0៩៥.៣៣៤ដុល្លារមេរិក និងម៉ាស់ ១០ម៉ឺនម៉ាស់, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ៥០កេស, ទឹកសុទ្ធ ១០.០០០យួរ/កេស និងចេកទុំ ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់រួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
នៅខែកក្កដា ទី២៧ អ្នកឧកញ៉ា បានផ្តល់ថវិកាជូនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ចំនួន២០០នាក់ នៃមន្ទីរសុខាភិបាលខេត្តកោះកុង ព្រមទាំងឧបករណ៍បរិក្ខាពេទ្យ និងឧបករណ៍ធ្វើតេស្ត សម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ។ អំណោយដែលផ្តល់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ រួមមាន៖ ម៉ាស៊ីនថតកាំរស្មី (Mobile X-ray), ម៉ាស៊ីនតាមដានសញ្ញាជីវិត (Patient Monitor) ចំនួន៥ឈុត, ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១គ្រឿង, អុកស៊ីសែនដបធំ ៤០លីត្រ ចំនួន១០០ឈុត រួមទាំងឧបត្ថម្ភថវិកាដល់ក្រុមលោកគ្រូពេទ្យព្យាបាលកូវីដ១៩ ក្នុង១នាក់ៗចំនួន ៥០០,០០០រៀល (ចំនួន២០០នាក់) សរុបជាទឹកប្រាក់ចំនួន ៧០,២៥០ដុល្លារ។
នៅថ្ងៃទី២ ឧសភា លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បាននាមអំណោយ អង្ករនាងម៉ិញ ១២.៩០០គីឡូក្រាម មីម៉ាម៉ ៨៤៣កេសតូច ត្រីខកំប៉ុង១០៣០យួរ ទឹកត្រី ៣២៧យួរ ទឹកស៊ីអុីវ៣២៧យួរ ជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងការពារព្រំដែនទាំង៥៩គោលដៅក្នុងខេត្តស្វាយរៀង។
នៅថ្ងៃទី៥ ខែឧសភា អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០០.០០០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។
គួររម្លឹកជូនថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ភ្លាមៗ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកា ៣លានដុល្លា ដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។
សកម្មភាពសប្បរសធម៌ទាំងនេះពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ ហើយនេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីអោយពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ៕