នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូនេះ ជាថ្ងៃចូលរោងជ័យនៃអាពាហ៍ពិពាហ៍ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលស្គាល់ច្បាស់ថាជាអគ្គនាយិកាក្រុមហ៊ុន GSM Leng Navatra Cosmetics ជាមួយនឹងកូនកំលោះ លោក វ៉ន ខួច អ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅយប់ថ្ងៃអាទិត្យនេះ បានពិពណ៌នាខ្លឹមសារដ៏មានអត្ថន័យ និងអមដោយរូបភាពស្រស់ស្អាតនៃថ្ងៃមង្គលការប្អូនស្រីពៅ ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដោយបានសង្កត់ធ្ងន់រលឹកនឹកដល់អនុស្សាវរីយ៍សែនកម្សត់ជាមួយអ្នកម្តាយដែលបានចែកឋានទៅកាន់បរមសុខជាច្រើនឆ្នាំ ខណៈពេលបច្ចុប្បន្នកូនប្រុសស្រីគ្រប់រូបទទួលបានជោគជ័យ មានជីវភាពសមរម្យទៅហើយ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងយ៉ាងដូច្នេះថា៖ “ឈើកាច់បាភ្នំ អនុស្សាវរីយដ៏កំសត់ ភូមិកំណើតដ៏ជូចត់ អ្នកម្ដាយបានលាចាកលោកទៅ មិនបានឃើញកូនរស់នៅក្នុងជីវភាពសមរម្យទេ ប្អូនស្រីពៅដែលជាថ្លើមប្រមាត់របស់អ្នកម៉ែបានរៀបការហើយ កូនចង់អោយម៉ែសប្បាយចិត្តចង់អោយម៉ែឃើញកូនពៅម៉ែនៅលើភូមិដ៏សំសត់របស់យើងណាម៉ែ”។
ជាមួយខ្លឹមសាររាប់រយលានអត្ថន័យផ្ញើជូនដល់ម្តាយ ក្នុងថ្ងៃពិសេស រៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ ដែលធ្លាប់មានប្រវត្តិសែនកម្សត់កម្រជាមួយអ្នកម្តាយនេះ អ្នកឧកញ៉ា ក៍សូមទោសផងដែរ ដែលកម្មវិធីដ៏តូចនេះមិនបានអញ្ជើញបងប្អូនចូលរួមព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក។
គួររម្លឹកជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ព្រះរាជទានផ្តល់គោរមងារ ឧកញ៉ា ដល់លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ស្របពេលជាមួយគ្នានេះ បងបង្កើតរបស់លោកជំទាវចំនួនពីរនាក់ទៀត ក៏ទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនេះដែរ គឺ លោកឧកញ៉ា ឡេង ប្រុស និងលោកឧកញ៉ា ឡេង និមល។ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕