ក្រុមហ៊ុនអចលនទ្រព្យហុងកុង គ្រោងសាងសង់ផ្ទះថ្មី ៣០០ ខ្នង លក់បញ្ចុះតម្លៃ ៥០% សម្រាប់ប្រជាជន

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង New World Development បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងលក់ផ្ទះថ្មីៗចំនួន ៣០០ ខ្នង ជាមួយនឹងការបញ្ចុះតម្លៃពិសេសប្រហែល ៥០% ធៀបនឹងតម្លៃទីផ្សារ នៅក្នុងគម្រោងលំនៅដ្ឋានបែបឯកជនឧបត្ថម្ភធន ដំបូងគេនៅក្នុងទីក្រុង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាផ្នែកមួយនៃផែនការ ដើម្បីផ្តល់ជូនលំនៅដ្ឋានមានតម្លៃសមរម្យនៅក្នុងទីក្រុង ដែលមានទីផ្សារអចលនទ្រព្យថ្លៃមួយបំផុតនៅលើពិភពលោកមួយនេះ ក្រុមហ៊ុន New World បានបញ្ជាក់ថា អតិថិជននឹងតម្រូវឲ្យធ្វើការបង់រំលស់ ត្រឹមតែ ៥% នៃតម្លៃផ្ទះប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះ គម្រោងមួយនេះដែរ គឺបានកើតឡើង បន្ទាប់ពីក្រុមហ៊ុនខាងលើ បាននិយាយកាលពីខែកញ្ញាកន្លងទៅថា ខ្លួនកំពុងចាប់ផ្តើមគម្រោងស្រាវជ្រាវមួយ ដែលមានឈ្មោះថា New World Building For Good ដើម្បីជួយដោះស្រាយចំពោះការខ្វះខាតលំនៅដ្ឋានរ៉ាំរ៉ៃ នៅក្នុងទីក្រុងហុងកុង ។

លោក Adrian Cheng ដែលជានាយកប្រតិបតិ្តក្រុមហ៊ុន New World Development បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “នេះអាចជាជំហានដំបូងតូចមួយ  ប៉ុន្តែវាជាជំហានដ៏សំខាន់មួយ ដែលយើងសង្ឃឹមថានឹងអាចលើកទឹកចិត្តដល់សាជីវកម្មហុងកុងផ្សេងទៀត ឱ្យចូលរួមជាមួយយើង ក្នុងការបង្កើតគម្រោងស្រដៀងគ្នានេះ និងផ្តល់ត្រឡប់ទៅកាន់សហគមន៍វិញ” ។ .

យ៉ាងណានៅពេលដែលសំណើនេះត្រូវបានអនុម័ត ដោយរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុន New World នឹងចាប់ផ្តើមសាងសង់ផ្ទះល្វែងចំនួន ៣០០ ខ្នង ដោយមួយខ្នងមានបន្ទប់គេង ៣ និងមានទំហំចាប់ពី ២៧ ទៅ ៤៦ ម៉ែត្រការ៉េ នៅក្នុងសង្កាត់ New Territories West ។

ហើយមិនតែប៉ុណ្ណោះ ការចំណាយសរុបត្រូវបានគេប៉ាន់ស្មានថាក្នុងមួយខ្នងៗ នឹងមានតម្លៃប្រហែល ២,៧ លានដុល្លារហុងកុង (ប្រហែល ៣៥ ម៉ឺនដុល្លារ) ដល់ ៤,៩៥ ដុល្លារហុងកុង ខណ:អាទិភាពនឹងត្រូវបានផ្តល់ឲ្យអ្នកដែលរស់នៅក្នុងទីក្រុងហុងកុង ដែលមានអាយុចន្លោះពី ២៥ ទៅ ៤៥ ឆ្នាំ និងត្រូវតែជាអ្នកដែលទើបតែទិញផ្ទះជាលើកដំបូង ៕

ប្រភព: Kelo