កាលពីថ្ងៃច័ន្ទនេះ ក្រុមហ៊ុន Toyota បានប្រកាសនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តដែលមានតម្លៃ ១,៣ ពាន់លានដុល្លារ នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។
ដំណើរការសាងសង់អាចប្រព្រឹត្តឡើងនៅឆ្នាំ ២០២៥ តាមរយៈក្រុមហ៊ុនថ្មីមួយឈ្មោះ Toyota Battery Manufacturing ហើយគេរំពឹងអាចបង្កើតឱកាសការងារសម្រាប់ប្រជាជនអាមេរិកប្រមាណ ១ ៧៥០ កន្លែង។
អាជ្ញាធររដ្ឋ North Carolina បានបញ្ជាក់ថា រោងចក្រថ្មីនេះដំបូងនឹងផលិតអាគុយសម្រាប់រថយន្តកូនកាត់របស់ក្រុមហ៊ុន Toyota ហើយមានបំណងផលិតអាគុយសម្រាប់រថយន្ត EVs ក្នុងរយៈពេលវែង។
អាជ្ញាធររដ្ឋ North Carolina នឹងផ្តល់សំណងដល់ក្រុមហ៊ុន Toyota ចំនួន ៧៩,១ លានដុល្លារក្នុងរយៈពេល ២០ ឆ្នាំ ប៉ុន្តែប្រសិនបើក្រុមហ៊ុនពង្រីកគម្រោងដល់ ៣ ពាន់លានដុល្លារ អាចទទួលបានរហូតដល់ ៣១៥ លានដុល្លារអាមេរិក។
អាជ្ញាធរក៏នឹងផ្តល់ការគាំទ្របន្ថែមដើម្បីជួយក្នុងការរៀបចំទីតាំងចុងក្រោយ រួមទាំងប្រាក់ចំនួន ១៣៥ លានដុល្លារអាមេរិកសម្រាប់ការកែលម្អផ្លូវ និងប្រព័ន្ធផ្សេងទៀត ហើយប្រសិនបើក្រុមហ៊ុន Toyota ពង្រីកគម្រោងនេះ មូលនិធិអភិវឌ្ឍន៍ទីតាំងចំនួន ១៨៥ លានដុល្លារទៀតនឹងទម្លាក់ជូនជាមិនខាន។
ក្រុមហ៊ុន Toyota បាននិយាយថា រោងចក្រនៅ Nort Carolina គ្រោងពង្រីកខ្សែផលិតកម្មយ៉ាងហោចណាស់ ៦ ខ្សែ សម្រាប់អាគុយប្រមាណ ១,២ លានគ្រាប់/ឆ្នាំ។
បញ្ជាក់ដែរថា ការវិនិយោគមួយនេះគឺជាផ្នែកមួយនៃផែនការដែល Toyota បានប្រកាសកាលពីខែតុលា ខណៈគ្រានោះពួកគេចង់វិនិយោគថវិកា ៣,៤ ពាន់លានដុល្លារទៅលើការអភិវឌ្ឍន៍ និងការផលិតអាគុយរថយន្តនៅសហរដ្ឋអាមេរិកដល់ឆ្នាំ ២០៣០ ស្របពេល ទឹកប្រាក់ខាងលើនោះគឺបានមកពីមូលនិធិនៃទឹកប្រាក់ចំនួន ១៣,៥ ពាន់លានដុល្លារដែល Toyota បានប្រកាសកាលពីខែកញ្ញាថា ពួកគេនឹងចំណាយសម្រាប់ទូទាំងពិភពលោកក្នុងការអភិវឌ្ឍន៍អាគុយនៅត្រឹមឆ្នាំ ២០៣០៕
ប្រភព: CNA