មហាសេដ្ឋីមានបំផុតប្រចាំតំបន់អាស៊ីសញ្ជាតិឥណ្ឌា លោក Mukesh Ambani ដែលជាម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ធំដាច់គេ Reliance Jio Infocomm ឌាបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ប្រព័ន្ធ 5G និងផលិតឧបករណ៍ប្រើប្រាស់សមស្របជាមួយតម្លៃសមរម្យជាអាទិភាព។
ប្រទេសឥណ្ឌាដែលជាទីផ្សារទូរគមនាគមន៍ធំបំផុតទី ២ លើលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ ដូច្នេះការបន្តអភិវឌ្ឍន៍ប្រព័ន្ធតាំងពី 2G ទៅ 4G និងក្រោយគេបង្អស់គឺ 5G គឺជារឿងចាំបាច់ណាស់។ នេះបើតាមសម្ដីរបស់លោក Ambini បាននិយាយនៅក្នុងសន្និសីទកាសែត Indian Mobile Congress។
ការលើកឡើងរបស់មហាសេដ្ឋីរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រកាសពីគម្រោងដេញថ្លៃអភិវឌ្ឍន៍ប្រព័ន្ធ 5G នាដើមឆ្នាំក្រោយ ស្របពេលលោកជឿថា ក្រុមហ៊ុន Jio នឹងអាចជោគជ័យក្នុងការបង្កើតប្រព័ន្ធ 5G នៅឥណ្ឌា ដោយសារមានក្រុមហ៊ុនដូចជា Google, Facebook, Qualcomm និង Intel ជាដៃគូសហការនៅពីក្រោយ។
កាលពីឆ្នាំទៅ Google ទើបនឹងបោះកញ្ចប់ថវិកាប្រមាណ ៤,៥ ពាន់លានដុល្លារឲ្យក្រុមហ៊ុនមេ Jio Platforms ក្នុងគោលបំណងអភិវឌ្ឍន៍ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទឥតខ្សែ ជាមួយនឹងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស និងការផ្តល់ជូនអតិថិជនរបស់ខ្លួន សម្រាប់គម្រោងដាក់ឱ្យដំណើរការសេវាកម្ម 5G ផងដែរ៕
ប្រភព: theedgemarkets