ឆ្នាំក្រោយ អារ៉ាប់រួម នឹងធ្វើការកែប្រែថ្ងៃចុងសប្តាហ៍ ដើម្បីផ្លាស់ប្តូរចក្ខុវិស័យសេដ្ឋកិច្ចរបស់ខ្លួន

អន្តរជាតិ

ប្រទេសអារ៉ាប់រួម បានធ្វើការប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងប្តូររយ:ពេលធ្វើការ ៤ ថ្ងៃកន្លះ ចាប់ពីដើមឆ្នាំក្រោយទៅ ស្របពេលថ្ងៃចុងសប្តាហ៍នឹងកំណត់យកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យវិញ ក្នុងគោលបំណង ដើម្បីតម្រឹមសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែមានភាពប្រសើឡើង ស្របតាមទីផ្សាររបស់ពិភពលោក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងប្រទេសរដ្ឋឈូងសមុទ្រ ដែលជាកន្លែងផលិតប្រេង ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ជំនួញ និងទេសចរណ៍ដ៏ធំជាងគេបំផុតមួយលើពិភពលោកនេះ បច្ចុប្បន្នត្រូវបានកំណត់យកថ្ងៃសុក្រ និងថ្ងៃសៅរ៍ គឺជាថ្ងៃចុងសប្តាហ៍ ដើម្បីឈប់សម្រាកពីការងារ។

គួរឲ្យដឹងផងដែរថា អារ៉ាប់រួមកាលពីឆ្នាំមុន បានធ្វើការកែប្រែទម្លាប់មួយចំនួន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន កាន់តែមានភាពទាក់ទាញ ចំពោះការវិនិយោគពីបរទេស និងភាពប៉ិនប្រសប់ នៅចំពេលមានការកើនឡើងខ្លាំង នៃការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសជិតណាខាងអារ៉ាប៊ីសាអូឌីត ។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការមួយរបស់រដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរថ្ងៃចុងសប្តាហ៍ គឺនឹងអាចធានាបាននូវប្រតិបត្តិការហិរញ្ញវត្ថុ ពាណិជ្ជកម្ម និសេដ្ឋកិច្ចប្រកបដោយភាពរលូន ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែលតែងកំណត់យកថ្ងៃសៅរ៍ អាទិត្យ គឺជាថ្ងៃចុងសប្តាហ៍ ជាមួយនឹងការសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិកាន់តែរឹងមាំ និងជាឱកាសសម្រាប់ក្រុមហ៊ុនជាច្រើន ដែលមានមូលដ្ឋាននៅក្នុងប្រទេសអារ៉ាប់រួមផងដែរ ។

លើសពីនេះ សហព័ន្ធអារ៉ាប់រួមក៏បានធ្វើសេរីភាវូបនីយកម្មច្បាប់ ទាក់ទងនឹងការរួមរស់ជាមួយគ្នាមុនពេលរៀបការ ច្បាប់ស្តីពីស្ថានភាពផ្ទាល់ខ្លួន គ្រឿងស្រវឹង រូមទាំងការផ្តល់ជូនទិដ្ឋាការរយៈពេលវែង ដែលជាមធ្យោបាយមួយក្នុងការទាក់ទាញជនបរទេស និងលើកទឹកចិត្តឱ្យអាជីវកម្មជាច្រើន រៀបចំដំណើរការហាងផងដែរ ៕

ប្រភព: Kelo