ក្រុមហ៊ុនមកពីអាមេរិក បានជួបជាមួយរដ្ឋមន្រ្តីកសិកម្មកម្ពុជាជជែកលើការស្វែងរកឱកាសវិនិយោគការដាំប្រេងខ្យល់ និងដើមអាកាស្យា ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅទីផ្សារអន្តរជាតិ។
លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក)បានជម្រាបជូនរដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។
ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីលោករដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្វាគមន៍ចំពោះគោលបំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។
លោករដ្ឋមន្ត្រីបានជូនយោបល់ក្រុមហ៊ុនពិចារណាលើជម្រើសចំនួនពីរ គឺទីមួយស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។
ជម្រើសមួយទៀត ក្រុមហ៊ុនអាចធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។
ចំពោះជំរើសទាំងពីរខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបានជោគជ័យ។