ក្រុមហ៊ុនផលិតស្រោមដៃ Top Glove របស់ប្រទេសម៉ាឡេស៊ីបានទទួលការអនុញ្ញាតពីម្ចាស់ភាគហ៊ុនធំៗសម្រាប់ការពង្រីកអាជីវកម្មនៅហុងកុង។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនផ្ទាល់នៅថ្ងៃពុធកន្លងទៅ។
បើតាមរបាយការណ៍ពីក្រុមហ៊ុន ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងក្រុមម្ចាស់ភាគហ៊ុនធំៗបានជួបប្រជុំជុំវិញការអនុម័តឲ្យ Top Glove ដាក់លក់ភាគហ៊ុនរបស់ពួកគេនៅទីផ្សារហ៊ុនហុងកុង ហៅកាត់ HKEX ខណៈការប្រជុំបញ្ចប់ទៅយ៉ាងរលូន ហើយបច្ចុប្បន្នរង់ចាំការសម្រេចពីភាគី HKEX សិន។
កាលពីខែតុលាកន្លងទៅ Top Glove បានបង្ហើបឲ្យដឹងថា ពួកគេបានកាត់បន្ថយគម្រោងបង្កើនប្រាក់ចំណូលជាងពាក់កណ្ដាល ដើម្បីចូលខ្លួនមកលើទីផ្សារហ៊ុនហុងកុង ដែលគម្រោងបច្ចុប្បន្នចង់បានប្រាក់ពីការលក់ហ៊ុនប្រមាណ ៣,៦៨ ពាន់លានដុល្លារហុងកុង ឬ ៤៧៣ លានដុល្លារអាមេរិក។
ចំនួននេះផងដែរ គឺតិចជាងពាក់កណ្ដាលនៃផែនការដើមដែល Top Glove មានបំណងចង់បង្កើនប្រាក់ចំណូលជិត ២ ពាន់លានដុល្លារ តែត្រូវបានរាំងស្ទះនៅខែមេសា បន្ទាប់ពីបែកធ្លាយព័ត៌មានអាស្រូវផ្សេងៗ។
ជាក់ស្ដែងកាលពីមួយរយៈមុន ក្រុមហ៊ុនម៉ាឡេស៊ីមួយនេះ ធ្លាប់បានទទួលរងការពិន័យហាមមិនឲ្យមានការនាំចូលស្រោមដៃទៅកាន់សហរដ្ឋអាមេរិក ១ ឆ្នាំ ក្រោយរកឃើញថាមានការប្រើកម្លាំងពលកម្មហួសកម្រិត តែវាត្រូវបានលើកលែងកាលពីខែកញ្ញា បន្ទាប់ពី Top Glove ចេញមុខដោះស្រាយរាល់បញ្ហាអស់ទាំងនេះដោយផ្ទាល់៕
ប្រភព: Kelo