អ្នកឧកញ៉ា គិត ម៉េង អះអាងថា “ធុរកិច្ចថ្មីកម្ពុជា” នឹងនាំមកនូវលទ្ធផលវិជ្ជមានសំខាន់ៗដល់សេដ្ឋកិច្ច និងសង្គម

ជុំវិញ​ឧកញ៉ា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកដំណើរការជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ក្រោម “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ក្នុងចក្ខុវិស័យនិងគោលបំណងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងភាពជាសហគ្រិន ក្រោមវត្តមានលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃពុធ ទី៨ ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានវត្តមាននៅក្នុងពិធីដាក់ឲ្យដំណើរការកម្មវិធី ធុរកិច្ចថ្មីកម្ពុជា នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម មានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជា ការចាប់ផ្តើមកម្មវិធីថ្នាក់ជាតិ “ធុរកិច្ចថ្មីកម្ពុជា” នេះនឹងនាំមកនូវលទ្ធផលវិជ្ជមានសំខាន់ៗដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី ដែលមានភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចនាពេលអនាគត ហើយក៏ជាចលករក្នុងការជំរុញក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដែលមានស្រាប់ផងដែរ។

បើតាមអ្នកឧកញ៉ា វាក៏នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រភពនៃកំណើនថ្មី បង្កើនផលិតភាពសេដ្ឋកិច្ច លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារ ក្នុងគោលបំណងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។

លោកបន្ថែមថា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប យើងក៏មានធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរបស់យើងមួយចំនួនផងដែរ ដូចជាក្រុមហ៊ុន CamboTicket និងក្រុមហ៊ុន YouAdMe ជាដើម។

លោកថ្លែងថា ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងខិតខំសម្រេចបាននូវ “ការធ្វើបរិវត្តកម្មឌីជីថល” ដើម្បីប្រែក្លាយសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យឈានទៅរកការអភិវឌ្ឍកម្រិតខ្ពស់ ក៏ដូចជាបន្តពន្លឿនការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព និងការចាប់ផ្តើមអាជីវកម្ម។ កម្ពុជាផ្តោតលើការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា និងបង្កើតការចាប់ផ្ដើមអាជីវកម្មកាន់តែច្រើនជាមួយនឹងគុណភាពប្រកបដោយការច្នៃប្រឌិត ក្នុងគោលបំណងជំរុញផលិតភាពនៃអាជីវកម្មដែលមានស្រាប់ និងការពង្រឹង និងពង្រីកវិសាលភាពនៃគំនិតផ្តួចផ្តើម ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការកម្មវិធីថ្នាក់ជាតិនេះ៕