សម្តេច ហ៊ុន សែន ស្នើដល់ថ្នាក់ដឹកនាំស្ថាប័ននិងអ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ កុំគិតប្រយោជន៍ផ្ទាល់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសារលិខិតក្នុងវេទិកានិពន្ធសារព័ត៌មានកម្ពុជា លើប្រធានបទ «ស្តីពីកូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» នៅព្រឹកថ្ងៃសៅរ ទី១១ ធ្នូ នេះ ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ដល់អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនឪកាសនិយមមួយចំនួន ធ្វើការវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា បំភ្លៃសភាពការណ៍ពិតធ្វើឲ្យមានការភាន់ច្រឡំនិងបំផុសមិនឲ្យប្រជាពលរដ្ឋទៅទទួលថ្នាំបង្ការកូវីដ១៩ជាដើម។

តាមរយៈកិច្ចសហការដ៏ល្អនេះ ត្រូវបានរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋាភិបាលជាមួយស្ថាប័នព័ត៌មាន ដើម្បីរក្សាសុខសន្តិភាពនិងការអភិវឌ្ឍនប្រទេសជាតិ។

បើ​តាម​ក្រ​សួង​ព័ត៌មាន ក្នុង​ប្រទេស​កម្ពុជាបច្ចុប្បន្ន​​មាន​សាប័ន​ផ្សព្វផ្សាយ​ចំនួន ​១ ៣៦៥​ស្ថាប័ន។ ក្នុង​ចំណោម​នោះ ​មាន​ស្ថាប័ន​បោះ​ពុម្ពផ្សាយចំនួន​៤៥០  ស្ថាប័ន​អនឡាញចំនួន​៦៦៩  ​​ស្ថានីយ​វិទ្យុចំនួន២២០​  និង​២៦​ផ្សេង​ទៀត​ជា​ស្ថានីយ​ទូរទស្សន៍​៕