រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ ការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា មានការពុះកញ្ជ្រោលខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ

សង្គម​ និង​សេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ បានលើកឡើងនៅក្នុងពេលបើកដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិ “ធុរកិច្ចថ្មីកម្ពុជា” កាលពីថ្ងៃទី៨ ខែធ្នូ ថា មិនខុសប្លែកពីបរិបទសកលនោះទេការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជាមានការពុះកញ្ជ្រោលខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីកម្ពុជានៅជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងថា៖ “ភាពក្មេងខ្លីនៃការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជារឹតតែត្រូវការប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីមួយដែលអាចជ្រោងឲ្យធុរជននវានុវត្តជននិស្សិតអាចបង្កើតធុរកិច្ចថ្មីនិងមានឪកាសជោគជ័យខ្ពស់តាមរយៈការផ្តល់បំណិនសហគ្រិនភាពបច្ចេកទេសការផ្តល់ទុនវិនិយោគនិងការទទួលបាននូវការលើកទឹកចិត្តពីរដ្ឋាភិបាលរួមជាមួយនឹងកត្តាគាំទ្រចាំបាច់ផ្សេងៗទៀត”

ធុរកិច្ចថ្មីស្គាល់ជាទូទៅថា “Startup” សំដៅដល់ស្ថាប័ន ឬដំណើរការបង្កើត និងគ្រប់គ្រងធុរកិច្ចដែលប្រើប្រាស់នវានុវត្តន៍ជាស្នូលនៃការបង្កើតគំរូអាជីវកម្មរបស់ខ្លួន ក្រោមលក្ខខណ្ឌមិនច្បាស់លាស់និងមានហានិភ័យ ប៉ុន្តែមានសក្តានុពលរីកចម្រើនលឿន។ ទន្ទឹមនឹងនោះ ការបណ្តុះ និងការអភិវឌ្ឍធុរកិច្ចថ្មី គឺជានិន្នាការសកលក្នុងការឆ្លើយតបនឹងសម្ទុះជឿនលឿនរបស់បច្ចេកវិទ្យាដែលអាចទាញយកជាប្រយោជន៍ ដើម្បីបង្កើតសេវាកម្មឬផលិតសម្រាប់បម្រើដល់ការរស់នៅឲ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច គូសបញ្ជាក់ថា ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាបានដុះពន្លកតាំងពីរឆ្នាំ២០១១មកម្លេះហើយបានចាប់ផ្តើមមានសកម្មភាពគួរឲ្យកត់សម្គាល់នៅ៤ទៅ៥ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ជាអកុសល ក៏ត្រូវទទួលរងផលប៉ពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក។ ប្រការនេះទាមទារឲ្យមាននូវយន្តការគាំទ្រច្រើនបន្ថែមទៀត ទាំងភាគីខាងរដ្ឋនិងឯកជន ដើម្បីឲ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីមួយរឹងមាំ រស់រវើក ពេញលេញ និងប្រទាក់ក្រឡាគ្នាទៅវិញទៅមករវាងគ្រប់ភាគីពាក់ព័ន្ធ។

គួររម្លឹកថា នៅខែឧសភា ឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥” ទៅលើចក្ខុវិស័យ “ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនិងបវរិវត្តកម្មឌីជីថលសម្រាប់គ្រប់តួអង្គសង្គមទាំងរដ្ឋប្រជាពលរដ្ឋនិងធុរជនដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាលភាពសង្គមតមាគន្លងប្រក្រតីភាពថ្មី”