​ឧក្រិដ្ឋជន ៥ នាក់ ជាប់​ឈ្មោះ​​ជា​សេដ្ឋី​មាន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក

អន្តរជាតិ

រាល់​ពេល​ដែល​គ្រប់​គ្នា​និយាយ​ពី​ប្រធានបទ​ទាក់ទង​នឹង​មហាសេដ្ឋី ទ្រព្យ​សម្បត្តិ​មហាសាល គ្រប់គ្នា​ប្រហែល​ជា​គិត​ដល់​អ្នក​ជំនួញ អ្នកនយោបាយ អ្នក​សិល្បៈ ឬ​ក៏​អត្តពលិក​ល្បីៗ​ជា​មិនខាន។ លើកនេះ​ឧកញ៉ាញូវសន៍​សូម​បង្វែរ​ចំណាប់​អារម្មណ៍​ពី​បុគ្គល​ ៥ រូប​ដែល​អាច​ចាត់ទុក​បាន​ថា ជា ឧក្រិដ្ឋជន​មាន​បំផុត​សម្រាប់​ប្រវត្តិសាស្ត្រ​ពិភពលោក៖ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

5/ Carlos Lehder

ជា​សហ​ស្ថាបនិក​ក្រុម​សង្គម​ងងឹត​ដ៏​ល្បីល្បាញ​ Medellin Cartel និង​ជា​អតីត​ស្ដេច​គ្រឿងញៀន​មួយ​រូប ដែល​ដំបូង​ឡើយ​ផ្ដើម​ចេញ​ពី​ការ​លក់​កញ្ឆា លួចឡាន និង​លក់​កូកាអ៊ីន។ បុរស​រូប​នេះ ក៏​ជា​មេខ្លោង​សំខាន់​ម្នាក់​ដែល​បង្កើត​ក្រុម​ចលនា​ប្រឆាំង​រដ្ឋាភិបាល និង​​ជា​អ្នក​គាំទ្រ​​ផ្តាច់​​មុខ​របប​ដឹកនាំ Nazi។ ស្ដេច​គ្រឿងញៀន​ជនជាតិ​អាល្លឺម៉ង់​កាត់​កូឡុំប៊ី​អស់​លក្ខណ៍​នៅ​ឆ្នាំ ១៩៨៧ និង​ក្រោយ​ចាយ​ពេល ៣៣ ឆ្នាំ​នៅ​ពន្ធនាគារ បុរស​វ័យ ៧២ ឆ្នាំ​ត្រូវ​បាន​ដោះលែង​នៅ​ឆ្នាំ ២០២០។

គេ​សន្និដ្ឋាន​ថា ​ Lehder រក​ចំណូល​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​កន្លង​មក​បាន​រហូត​ដល់ ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក។

4/ Khun Sa

ជា​ស្ដេចគ្រឿងញៀន​ជនជាតិ​អាស៊ី​តែ​ម្នាក់​គត់​នៅ​ក្នុង​បញ្ជី​មួយ​នេះ ដោយ​លោក​គឺ​មាន​ដើម​កំណើត​ជា​ជនជាតិ​ភូមា។ ស្ដេចគ្រឿងញៀន​ភូមា​រូបនេះ អាច​រក​ចំណូល​បាន​ច្រើន​ពី​ការ​ដាំដុះ​អាភៀន និង​រត់ពន្ធ​ទៅ​កាន់​តំបន់​ត្រីកោណមាស ដែល​ជា​ព្រំប្រទល់​នៃ​ប្រទេស​ថៃ ឡាវ និង​មីយ៉ាន់ម៉ា។

បុរស​រូបនេះ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​តំបន់​អាស៊ាន​ ដោយ​ការ​ចែកចាយ​អាភៀន​នៅ​ក្នុង​តំបន់​នេះ គឺ​ផ្ដាច់មុខ​ដោយ​ Khun Sa ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៦ ដល់ ១៩៩៦ រហូត​ដល់​ទទួល​បាន​ងារ​ជា​ ស្ដេច​អាភៀន​ទៀត​ផង។

រហូត​ដល់​ឆ្នាំ ១៩៩៦ នេះ​ហើយ ដែល Khun Sa យល់ព្រម​ប្រគល់​ខ្លួន​ទៅ​កាន់​រដ្ឋាភិបាល និង​ងាក​មក​ប្រកប​របរ​សុចរិត​ជា​អ្នកជំនួញ​ផ្នែក​សាងសង់ និង​រ៉ែ តែ​ត្រូវ​បាន​ស្លាប់​នៅ​ឆ្នាំ ២០០៧ ដោយ​មិន​ដឹង​មូលហេតុ ខណៈ​ទ្រព្យសម្បត្តិ​របស់​លោក​គឺ​ខ្ទង់​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​អាមេរិក។

3/ Viktor Bout

បុគ្គល​ទី ៣ នៅ​ក្នុង​បញ្ជី​គឺ​ជា​សហគ្រិន​មួយ​រូប ដែល​បង្កើត​ទ្រព្យសម្បត្តិ​តាម​រយៈ​ការ​ជួញដូរ​អាវុធ​ខុសច្បាប់។ លោក​បាន​ប្រើប្រាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​លោក​ដើម្បី​រត់ពន្ធ​អាវុធ​ខុសច្បាប់​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ទៅកាន់​ក្រុម​ជីវពល និង​អង្គការ​ភេរវកម្ម​នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា។

យ៉ាងណា នៅ​ក្នុង​ឆ្នាំ ២០០៨ បុរស​ជនជាតិ​រុស្ស៊ី​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប្រទេស​ថៃ និង​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​កាត់ទោស និង​ជា​លទ្ធផល​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ Bout រយៈពេល ២៥ ឆ្នាំ។

បច្ចុប្បន្ន បុរស​វ័យ ៥៤ ឆ្នាំ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​សហរដ្ឋ​អាមេរិក Marion ខណៈ​ទ្រព្យសម្បត្តិ​របស់​លោក​គឺ​មាន​ប្រមាណ ៦ ពាន់​លាន​ដុល្លារ​អាមេរិក។

2/ Amado Carrillo Fuentes

ឧក្រិដ្ឋជន​មាន​ឥទ្ធិពល​បំផុត​ទី ២ គឺ Amado Carrillo Fuentes ជា​ស្ដេចគ្រឿងញៀន​ម៉ិកស៊ិក ដែល​ចាប់ផ្ដើម​ដំបូង​ជា​អ្នក​រត់ពន្ធ​កូកាអ៊ីន​តូចតាច​ម្នាក់​។ តែ​អ្វីៗ​ចាប់ផ្ដើម​ប្រែប្រួល​នៅ​ពេល Fuentes បាន​ធ្វើឃាត​មេក្រុម​សង្គម​ងងឹត Juárez Cartel លោក Rafael Aguilar Guajardo ដែល​បាន​ធ្វើ​ឲ្យ​លោក​មាន​ឥទ្ធិពល​ខ្លាំង​នា​ពេល​នោះ។

Fuentes រត់ពន្ធ​គ្រឿងញៀន​តាម​រយៈ​យន្តហោះ​ខ្នាតតូច​ជាច្រើន​គ្រឿង រហូត​គេ​ដាក់​រហស្សនាម​លោក​ថា​ជា Lord of The Skies តែ​បុរស​រូបនេះ​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៩៧ អំឡុង​ពេល​វះកាត់​ប្ដូរ​រូបរាង ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​រដ្ឋាភិបាល។ ទ្រព្យសម្បត្តិ​របស់​លោក​គឺ​មាន​ប្រហែល ២៥ ពាន់​លាន​ដុល្លារ​អាមេរិក។

1/​ Pablo Escobar

ចុងក្រោយ​គេ គឺ​ជា​ស្ដេចគ្រឿងញៀន​ល្បី​បំផុត​លើ​លោក​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​កូឡុំប៊ី​ក្រពុល​មុខ​ជាខ្លាំង ដោយសារ​អំណាច​ដែល Escobar មាន​ទូទាំង​ផ្ទៃ​ប្រទេស។ ស្ដេចគ្រឿងញៀន​កូឡុំប៊ី​ គឺ​ជា​ស្ថាបនិក​ក្រុម​សង្គម​ងងឹត Medellin Cartel និង​ជា​ដៃគូ​សហការ​របស់ Carlos Lehder។

ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០ និង ១៩៩០ កូកាអ៊ីន​ដែល​បាន​ចែកចាយ​ពេញ​សហរដ្ឋអាមេរិក​គឺ​ជា​ការ​រត់ពន្ធ​ផ្ដាច់មុខ​ដោយ Escobar។ ស្ដេច​កូកាអ៊ីន​រូបនេះ​មាន​ឥទ្ធិពល​ខ្លាំង​រហូត​ត្រូវ​បាន​ក្រុមហ៊ុន Netflix ចងក្រង​ប្រវត្តិ​របស់​លោក​បង្កើត​ជា​រឿងភាគ ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ទៀតផង។

យ៉ាងណា វាសនា​នៃ​ស្ដេចគ្រឿងញៀន​នីមួយៗ​គឺ​មិន​សូវ​ខុសគ្នា​ប៉ុន្មាន​ឡើយ ពោល​បើ​មិន​ជាប់​ពន្ធនាគារ គឺ​មាន​តែ​ស្លាប់​ ដោយ Pablo Escobar ត្រូវបាន​គេ​បាញ់​សម្លាប់​នៅ​ឆ្នាំ ១៩៩៣ ខណៈ​លោក​ក៏​ត្រូវបាន​គេ​ចាត់ទុក​ជា​ឧក្រិដ្ឋជន​មាន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ជាមួយ​ទ្រព្យសម្បត្តិ​ ប្រហែល ៣០ ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព: newspatrolling