ប្រិយមិត្តប្រាកដជាបានស្គាល់ជាមិនខានពីមហាសេដ្ឋីមានបំផុតលើលោក Elon Musk ដោយលោកមានមុខតំណែងធំនៅក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះ Tesla ក្នុងនាមជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុន។
យ៉ាងណា ថ្មីៗនេះបើតាមការបង្ហោះសារនៅលើ Twitter ផ្ទាល់ខ្លួនរបស់លោក បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងដោយលោកបានបង្ហើបថា ចង់លាឈប់ពីតំណែងជា CEO និងងាកមកចាប់អាជីពជា Influencer វិញម្ដង។
ជាមួយគ្នានេះ គេនៅមិនទាន់ដឹងថា សារនេះគឺជាការបង្ហោះលេងសើច ឬមែនទែននៅឡើយ ដោយសារមិនទាន់មានការបកស្រាយច្បាស់លាស់ពីសាមីខ្លួនជាមហាសេដ្ឋីមានបំផុតលើលោកម្នាក់នេះ។
បញ្ជាក់ដែរថា ស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះធ្លាប់បានទម្លាយនៅក្នុងបទសម្ភាសន៍កាលពីខែមករាកន្លងទៅថា លោកមានក្ដីរំពឹងក្នុងការក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla ត្រឹមរយៈពេល ២-៣ ឆ្នាំប៉ុណ្ណោះ តែបើគិតមកទល់ពេលនេះ លោកកាន់តំណែងជាមេធំអស់រយៈពេល ១៣ ឆ្នាំហើយ ពោលតាំងពីឆ្នាំ ២០០៨ មកម៉្លេះ។
បើសង្កេតមើលឲ្យមែនទែនទៅ Elon Musk តែងតែចាត់ទុកបណ្ដាញសង្គម Twitter ជាមធ្យោបាយទំនាក់ទំនងទៅកាន់អ្នកគាំទ្រ ជាក់ស្ដែងកាលពីខែមុនលោកបានធ្វើការចោទសួរទៅកាន់អ្នកគាំទ្រ អំពីការពិចារណាលក់ភាគហ៊ុន ១០% របស់លោក ហើយជាលទ្ធផលមតិភាគច្រើនបោះឆ្នោតឲ្យលក់ លោកក៏សម្រេចលក់ភាគហ៊ុន ១០% នោះ គិតជាទឹកប្រាក់ប្រមាណ ១២ ពាន់លានដុល្លារអាមេរិក៕
ប្រភព: CNA