អគ្គនាយកក្រុមហ៊ុន ជេត គ្រុប ឧកញ៉ា ស្រី ចាន់ថន គ្រោងនឹងបើកដំណើរការរោងចក្រផលិតប្រេងឆានៅកម្ពុជា ខណៈដែលសំណើរស្នើសុំអនុញ្ញាតិច្បាប់ពីអាជ្ញាធរមានភ្លើងខៀវរួចមកហើយ ដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង។
ឧកញ៉ា ស្រី ចាន់ថន តាមរយៈទំព័រហ្វេសបុកនៅព្រឹកថ្ងៃសៅរ៍ ទី១១ ធ្នូនេះ បានឲ្យដឹងថា លោករួមជាមួយក្រុមការងារ បន្ទាប់ពីបានស្នើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានរួចមក បានចាប់ផ្តើមឈូសឆាយដីធ្វើផ្លូវចូល រៀបចំសាងសង់អគារ ឃ្លាំង ការិយាល័យ ហើយក៏បានរៀបចំសែនព្រេនដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់រោងចក្រផលិតប្រេងឆាដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស និងដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ តាមស្តង់ដារអន្តរជាតិ។
លោកថ្លែងថា ខ្ញុំនឹងបន្តគម្រោងក្នុងការបង្កើតរោងចក្រផលិតគ្រឿងអាហារកំប៉ុង ក៏ដូចជារោងចក្រកែច្នៃផ្លែឈើស្រស់ ផលិតជាទឹកផ្លែឈើកំប៉ុង ដើម្បីជួយដល់កសិករខ្មែរផង និងផ្តល់ការងារដល់បងប្អូនខ្មែរយើង និងអាចចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកទៅប្រទេសជិតខាង ក៏ដូចជាកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសផងដែរ។
កន្លងមកឧកញ៉ា ស្រី ចាន់ថន ដែលបានដាក់ក្ដីសង្ឃឹមខ្ពស់ និងដាក់ចិត្តដាក់កាយ ១០០ភាគរយ លើផែនការលើកស្ទួយសង្វាក់ផលិតកម្ម រោងចក្រកែច្នៃផ្លែឈើស្រស់ក្នុងប្រទេសកម្ពុជា។