ហាងភីហ្សាហាត់ (Pizza Hut) បើកសម្ពោធសាខាចំបងរបស់ខ្លួន នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ដែលបណ្តាក់ទុនពីក្រុមហ៊ុន United Food Group ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យម្ហូបអាហារ នៅកម្ពុជា។
ថ្លែងក្នុងកម្មវិធីសម្ពោធនេះ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូណាយធីត ហ៊្វូដ បានលើកឡើងថា ភីហ្សាហាត់ គឺជាស្លាកសញ្ញានៅលើពិភពលោក ហើយមានសាខាច្រើនជាង ១៨,០០០ហាង នៅក្នុងជាង១០០ប្រទេស ហើយប្រទេសកម្ពុជាគឺជាទីផ្សារទី១១០ របស់ភីហ្សាហាត់។ បច្ចុប្បន្ននេះ ក្រុមហ៊ុន យូណាធីត ហ៊្វូដ ក៏បាននាំយកសិទ្ធិផ្តាច់មុខភីហ្សាហាត់ មកកាន់ទីផ្សារប្រទេសកម្ពុជា ហើយមានផែនការពង្រីកអាជីវកម្មមួយនេះឥតឈប់ឈរ។
បើតាមលោក គុយ វ៉ាត ហាងភីហ្សាហាត់នៅកម្ពុជា មាន ៣ ក្នុងនោះសាខាទី១ នៅផ្សារទួលទំពូង សាខាទី២ ភីស្សាហាត់កាល់ម៉ែត្រ និងសាខាទី៣ ភីហ្សាហាត់បឹងកេងកង ដែលកំពុងប្រារព្ធពិធីសម្ពោធសាខាចំបងនៅថ្ងៃនេះ។
នៅចុងឆ្នាំ២០២១នេះ ភីស្សាហាត់កម្ពុជានឹងបើកសាខាថ្មី២បន្ថែមទៀត ហើយនៅចន្លោះ២-៣ឆ្នាំខាងមុខនេះ ភីហ្សាហាត់កម្ពុជា គ្រោងបើកសាខាប្រមាណ ៣០សាខាបន្ថែមទៀត ដែលការបើកហាងថ្មីទាំងនេះនឹងបង្កើតការងារថ្មីប្រហែលច្រើនជាង ៨០០កន្លែង សម្រាប់ប្រជាជនកម្ពុជារបស់យើង។
ជាមួយគ្នានេះដែរ លោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ថា ភីហ្សាហាត់គឺជាហាងភីហ្សាដែលចំណាស់ជាងគេនៅសហរដ្ឋអាមេរិក ហើយាលោកស្រីពិតជារំភើបណាស់ដែលបានឃើញម៉ាកយីហោដ៏ល្បីមួយនេះមានវត្តមាននៅប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីនោះ លោក កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានកោតសរសើរ និងសូមអបអរសាទរចំពោះ លោក គុយ វ៉ាត នាយកក្រុមហ៊ុន United Food Group ដែលបានចំណាយទុនវិនិយោគក្នុងវិស័យម្ហូបអាហារ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ធកិច្ចកម្ពុជា។
លោកបន្ថែមទៀតថា វត្តមានរបស់ភីហ្សាហាត់ នឹងរួមចំណែក បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ជួយលើកកម្ពស់វិស័យម្ហូបអាហារ និងជួយផ្គត់ផ្គង់ដល់ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅកម្ពុជា៕