គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១។ បើយោងតាមរបាយការណ៏ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។
លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ បានស្នើឱ្យក្រុមហ៊ុនសាងសង់ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់ ជាពិសេសត្រង់កន្លែងប្ដូរទិសដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ និងពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេលដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួននៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។
សូមបញ្ជាក់ជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន៧០,៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង។
ផ្លូវល្បឿនលឿននេះបានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕