កន្លងមកនេះ អ្នកឧកញ៉ា ពុង ឃាវសែ តែងតែចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការសាងសង់ និងវិនិយោគលើគម្រោងធំៗក្នុងស្រុក ទុកជាស្នាដៃសម្រាប់ប្រទេសកម្ពុជា។ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា, ធនាគារប្រៃសណីយ៍កម្ពុជា, ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។
ក្រោយផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ ក្នុងសហគមន៍ម្តងជាពីរដងនៅឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទិញវ៉ាក់សាំងបង្ការកូវីដមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងជំហានដំបូងប្រមាណ ១លានដូស រួមនឹងវិធានការផ្សេងៗទៀត។
គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា ពុង ឃាវសែ បានផ្តល់វិភាគទានសរុបចំនួន ៨លានដុល្លារអាមេរិក ជូនរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងនោះថវិកា ៣លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងកូវីដ១៩, ៣លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងក្រោយ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង ២លានដុល្លារអាមេរិកទៀត ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងត្រូវបានប្តូរឈ្មោះទៅជា មន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីបានទិញរួច។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាតត់ទុកចលនាគាំទ្រយ៉ាងធំធេងផ្តល់ថវិកាទាំងនេះ គឹជាខឿនការពារសុខភាពរបស់ប្រជាជន។
ការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលនោះ ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលអ្នកដែលឆ្លងជំងឺកូវីដ-១៩។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានស្នើទៅអ្នកឧកញ៉ា ពុង ឃាវសែ ដើម្បីប្រើប្រាស់អគារជាបន្ទាន់ សម្រាប់សម្រួលជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងខ្វះខាតកន្លែងព្យាបាល តាមរយៈសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ TYDA ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុនី្ន។
តាមរយៈទំព័រហ្វេសបុកលោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោងប៉ុណ្ណោះ។
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានដឹកនាំប្រតិភូនៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នាំយកនូវថវិកាវិភាគទានសប្បុរសធម៌ប្រចាំឆ្នាំលើកទី៣ ចំនួន ១២៥ ៦០០ ដុល្លារអាមេរិក និង ១ ៨១៥ ១៨៨ ៤៤១ រៀល (ស្មើនឹងជាង៤០ម៉ឺនដុល្លារ) មកជូន «មូលនិធិគន្ធបុប្ផាកម្ពុជា» តាមរយៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា»។
ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ពុង ឃាវសែ បានចាត់ដំណាងលោក ផន សុភាព ប្រធានការដ្ឋានសាងសង់របស់ក្រុមហ៊ុន OCIC នាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរី រុងរឿង ប្រមាណជាង ២៥០ គ្រួសារ។
បើតាមលោក ផន សុភាព ការចែកអំណោយសប្បុរសធម៌នេះមានចំនួន ២៧ លើក ដល់បងប្អូនដែលបានស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកថា បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី២៧នេះ អ្នកឧកញ៉ាបានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ៧៧០លានរៀលហើយ៕