ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់ទៅកាន់ប្រធានធិបតីរុស្ស៊ី លោក Vladimir Putin ថា រុស្ស៊ីនឹងទទួលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើប្រទេសមហាអំណាចមួយនេះ ហ៊ានចូលឈ្លានពានអ៊ុយក្រែននោះ។ នៅប៉ុន្មាន សប្តាហ៍មកនេះ អាមេរិក អឺរ៉ុប និង អ៊ុយក្រែនផ្ទាល់ បាន ចោទប្រកាន់ រុស្ស៊ី ថា កំពុង ត្រៀមកម្លាំងទ័ព នៅព្រំដែន ដើម្បី ចូលឈ្លានពាន អ៊ុយក្រែន។
កិច្ចប្រជុំ របស់ ក្រុមប្រទេស មហាអំណាច ឧស្សាហកម្ម G7 ដែលត្រូវ បន្ត នៅ ថ្ងៃអាទិត្យ នេះ នៅមិនទាន់ ចេញ សេចក្តីថ្លែងការណ៍រួម នៅក្នុង សំណុំរឿង អ៊ុយក្រែន រុស្ស៊ី ប៉ុន្តែ អ្នកទទួលខុសត្រូវ អាមេរិក ម្នាក់ ដែលបានចូលរួម ក្នុង កិច្ចប្រជុំ នៅ ទីក្រុង Liverpool ប្រទេស អង់គ្លេស បាន និយាយ ប្រាប់ អ្នកកាសែតថា ក្រុមប្រទេស G7 ត្រៀមខ្លួន ដើម្បី ដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ខ្លាំងៗ ក្នុងករណី រុស្ស៊ី រំលោភ ចូល ឈ្លានពាន ប្រទេស អ៊ុយក្រែន។
បន្ទាប់ពីមានការវាយប្រហារដោយព្យុះកំបុតត្បូងទៅលើសហរដ្ឋអាមេរិក លោក Biden បានអះអាងបញ្ជាក់យ៉ាងច្បាស់ចំពោះប្រធានធិបតីលោក Putin ថា ប្រសិនបើគាត់ផ្លាស់ទីចូលទៅលុកលុយទៅលើអ៊ុយក្រែន នោះសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី នឹងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន ” ។ នៅក្នុង កិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីការបរទេស កាលពី ថ្ងៃ សៅរ៍ នៅទីក្រុង លីវឺភូល ភាគខាងជើង ប្រទេស អង់គ្លេស មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់ ក្រោយកិច្ចប្រជុំបាននិយាយប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្កូនៅតែមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្លាស់ប្តូរផ្លូរដើររបស់ពួកគេ ។
លោកបញ្ជាក់ទៀតថា ៖ ” ប្រសិនបើពួកគេជ្រើសរើសមិនដើរតាមផ្លូវត្រូវនោះ វានឹងមានផលវិបាកដ៏ធំ និងការចំណាយយ៉ាងច្រើនលើសលុប ក្នុងការឆ្លើយតបជាមួយបញ្ហាទាំងនេះ ហើយក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G7 និងរួបរួមគ្នា ដើម្បីប្រឆាំងដាច់ខាតចំពោះទង្វើមួយនេះ ។
គួរបញ្ជាក់ផងដែរថា ការព្រមានទាំងអស់នេះ ត្រូវបានកើតឡើង បន្ទាប់ពីមានក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសនៅលោកខាងលិច ជុំវិញការបង្កើនចំនួនកងទ័ពរុស្ស៊ីនៅតាមបណ្តោយព្រំដែន ដែលកំពុងក្លាយជាសញ្ញាមួយ ក្នុងការចូលទៅឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជាសារគម្រាមមួយ នៅពេលដែលប្រទេសចិន បានចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេស G7 នៅឯទីក្រុងអង់គ្លេស ។
យ៉ាងណាមិញ ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G7 កំពុងតែផ្តោតលើកិច្ចពិភាក្សា អំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងការពង្រឹងដែនឥទ្ធពលដ៏គួរឲ្យព្រួយបារម្ភរបស់ប្រទេសចិនផងដែរ ៕
ប្រភព: france24