អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង បានប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតា ដែលធ្វើឡើងនៅបរិវណខាងមុខប្រាសាទភ្នំបាខែង ខេត្តសៀមរាប រយៈពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែធ្នូ។ នៅក្នុងពិធីបួងសួងនោះ ក៏មានការនិមន្តនឹងចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើននាក់។
ស្ថិតនៅក្នុងកម្មវិធីបួងសួងនោះ លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានលើកឡើងថា ពិធីបួងសួងនេះ បានប្រព្រឹត្តទៅតាមទំនៀមទំលាប់បែបសាសនា ដោយមានការបូជាទៀនធូបផ្កាភ្ញី ក្នុងគោលបំណង ដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់នៅសម្បត្តិបិតិកភណ្ឌពិភពលោកដ៏ល្បីល្បាញកន្លងមក ហើយ។
លោកជំទាវបន្តថា ការប្រារព្ធពិធីនេះឡើងបាន ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី បានគោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនឹងរីកចំរើនជារៀងរហូត។
ទន្ទឹមនឹងនោះ នៅថ្ងៃអង្គារស្អែកនេះ ក៏មានពិធីបួងសួងនៅមុខអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍រំលឹកគុណអង្គរផងដែរ ដែលមានកម្មវិធីសាសនា កម្មវិធីសម្តែងសិល្ប:ជាច្រើនទម្រង់ និងកម្មវិធីកំសាន្តជាច្រើនទៀត រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១៕