រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» ជារឿងបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ បានរៀបចំពិធីក្រុងពាលីថតខ្សែភាពយន្តភាគ នៅព្រឹកថ្ងៃចន្ទ ទី១៣ធ្នូនេះ ក្រោមការអញ្ជើញផ្តល់កិត្តិយសពីសំណាក់សម្តេច ហ៊ុន សែន ផ្ទាល់ ព្រមទាំងកូនប្រុសស្រីចំនួន ៤រូបរបស់សម្តេច។
ក្រៅពីក្រុមគ្រួសារប្រមុខរាជរដ្ឋាភិបាល ក៏មានថ្នាក់ដឹកនាំកំពូលៗ រួមនឹងអ្នកឧកញ៉ា ឧកញ៉ា និងអ្នកជំនួញជាច្រើនរូបផ្សេងទៀត បានអញ្ជើញរួមផងដែរនៅក្នុងពិធីក្រុងពាលីរឿងនិទានបែបប្រត្តិសាស្រ្តមួយនេះ។
បើតាមអ្នកសារព័ត៌មានគេហទំព័រឧកញ៉ាញូស៍ ដែលបានចូលរួមពិធីក្រុងពាលីនាព្រឹកនេះ សង្កេតឃើញវត្តមានអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនចូលរួម ដូចជា អ្នកឧកញ៉ា លី យ៉ុងផាត់ ម្ចាស់ស្ថានីយ៍ទូរទស្សន៍ PNN, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុនផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា, អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ម្ចាស់ក្រុមហ៊ុន ជីបម៉ុង គ្រុប, អ្នកឧកញ៉ា ឈុង លាង អ្នកឧកញ៉ា សំ អាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប, អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ជាដើម។
បើទោះបីជាដំណើររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» មានលក្ខណៈជាសាច់រឿងប្រវត្តិសាស្ត្ររបស់រដ្ឋបុរសជាតិក៏ដោយ ប៉ុន្តែខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជនសុទ្ធសាធ មានន័យថា រាល់ការទទួលខុសត្រូវក្នុងការចំណាយដើមទុន គឺជាម្ចាស់ផលិតកម្ម ហើយខ្សែភាពយន្តភាគនេះ ក៏ជាកម្មសិទ្ធផ្តាច់មុខរបស់ផលិតកម្មឯកជននោះផងដែរ៕