ក្រុមហ៊ុនផលិតសឺរ៉ាំង និងម្ជុលដ៏ធំបំផុតរបស់ឥណ្ឌា បានស្នើសុំឲ្យនាយករដ្ឋមន្រ្តី លោក Narendra Modi លុបចោលបទបញ្ជា ដែលឲ្យផ្អាកផលិតកម្ម ធ្វើឲ្យក្រុមហ៊ុនជាច្រើនត្រូវបិទរោងចក្ររបស់ខ្លួន បន្ទាប់ពីនិយតករដ្ឋ បានកំណត់ឲ្យធ្វើបែបនេះ ដើម្បីទប់ស្កាត់ការបំផុតខ្លាំង នៅក្នុងតំបន់ ។
ជាកស្តែងក្រុមហ៊ុន Hindustan Syringes and Medical Devices (HMD) បានបិទរោងចក្ររបស់ខ្លួន នៅឯជាយក្រុង New Delhi បន្ទាប់ពីមានការណែនាំដោយក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលរបស់រដ្ឋ ដែលបង្កឲ្យមានការព្រួយបារម្ភខ្លាំងចំពោះកង្វះខាតសឺរ៉ាំង និងម្ជុលដើម្បីប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា ចំពេលយុទ្ធាការណ៍ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅតែបន្ត ។
លោក Rajiv Nath នាយកគ្រប់គ្រងក្រុមហ៊ុន HMD បាននិយាយនៅក្នុងលិខិតមួយ ដែលបានផ្ញើទៅកាន់ការិយាល័យរបស់លោក Modi ថា ” ការបិទរោងចក្រផលិតម្ជុល និងសឺរ៉ាំង នឹងបង្កើតការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ នេះអាចជាការប៉ះពាល់ដល់ការផ្តល់សេវាថែទាំសុខភាពនៅទូទាំងប្រទេស និងកម្មវិធីចាក់វ៉ាក់សាំង ជាពិសេសគឺបណ្តាលឲ្យមានការខ្វះខាត និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ” ។
គួរឲ្យដឹងផងដែរថា ចំណាត់ការដែលឲ្យផ្អាកការផលិតនេះ ត្រូវបានដាក់ចេញទៅកាន់រោងចក្រជាង ២២៨ ក្នុងតំបន់ ដោយក្រុមប្រឹក្សាត្រួតពិនិត្យការបំផុត Haryana ដែលជាផ្នែកមួយនៃការជំរុញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុល និងកែលម្អគុណភាពខ្យល់ ។
រំលឹកថា HMD ដែលផ្គត់ផ្គង់ជាង ៦០% នៃម្ជុល និងសឺរ៉ាំង សម្រាប់ប្រទេសឥណ្ឌាក្នុងការថែទាំសុខភាព និងចាក់ថ្នាំបង្ការ បានទទូចថា ខ្លួននឹងចាត់វិធានការគ្រប់គ្រាន់ ដើម្បីអាចធានាថារោងចក្ររបស់ខ្លួននឹងគ្មានការបំផុត នៅក្នុងតំបន់ឡើយ ។
សូមបញ្ជាក់ផងដែរថា គុណភាពខ្យល់នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា និងតំបន់ជិតខាង នៅតែមានភាពអន់ខ្សោយនៅឡើយ ដោយបង្ខំឱ្យរដ្ឋាភិបាលត្រូវចាត់វិធានការជាបន្ទាន់ ស្របពេលសាលារៀន និងមហាវិទ្យាល័យ ក៏ត្រូវបានបញ្ជាឱ្យបិទផងដែរ ខណៈពេលដែលរដ្ឋាភិបាលបានបង្កើនវិធានការផ្សេងៗ ដើម្បីគ្រប់គ្រងធូលី ដូចជាការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ក្នុងការបាញ់ទឹកជាដើម ៕
ប្រភព: Kelo