លោក Suleiman Kerimov ដែលជាសេដ្ឋកិច្ចវិទូនិងជាសហគ្រិនមួយរូបបានធ្វើឲ្យពិភពលោក ជាពិសេសគឺនៅប្រទេសរុស្ស៊ីផ្ទាល់តែម្ដងមានការភ្ញាក់ផ្អើលជាមួយកំណើនទ្រព្យសម្បត្តិរបស់លោក។
បើតាមការចុះផ្សាយពី Bloomberg Billionaire Index បានឲ្យដឹងថា មហាសេដ្ឋីរុស្ស៊ីមានការកើនចំណូលប្រមាណ ៤,៨៣ ពាន់លានដុល្លារត្រឹមរយៈពេលមួយថ្ងៃគត់ពោលគឺកាលពីថ្ងៃសុក្រសប្ដាហ៍មុន ទ្រព្យសម្បត្តិសរុបរបស់ម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Polyus កើនដល់ ១៥,៤ ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Polyus គឺជាក្រុមហ៊ុនផលិតមាសធំបំផុតនៅរុស្ស៊ី ខណៈគ្រួសារត្រកូល Kerimov គឺកាន់កាប់ភាគហ៊ុនមួយភាគធំ ស្របពេលក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុងមូស្គូធ្លាប់ជីករ៉ែមាសបានដល់ទៅជាង ១ ៧០០ តោន និងផលិតជាមាសបានជិត ៨ ម៉ឺនគីឡូ។
បើយោងតាមរបាយការណ៍ផ្ដល់ឲ្យដោយក្រុមហ៊ុន និងការស្រាវជ្រាវពី Blooberg មហាសេដ្ឋីរូបនេះ ទទួលបានច្រើនជាង ៥០០ លានដុល្លារជារៀងរាល់ឆ្នាំពីភាគលាភនៃក្រុមហ៊ុន ស្របពេលផ្សារហ៊ុនរុស្ស៊ីគឺជាការវិនិយោគជោគជ័យបំផុតសម្រាប់មហាសេដ្ឋីរូបនេះ។
អាចនិយាយបានថាជាសំណាងរបស់លោកដូចគ្នា ដ្បិតកាលពីឆ្នាំ ២០០៣ បុរសរូបនេះធ្លាប់បានខ្ចីបំណុលពីធនាគាររុស្ស៊ីដើម្បីទិញក្រុមហ៊ុន Gazprom។ ៣ ឆ្នាំក្រោយ មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុននេះបានកើនឡើងបួនដង។
ក្រៅពីនោះ មហាសេដ្ឋី Kerimov ថែមទាំងបានទិញភាគហ៊ុនខ្លះនៃធនាគារ Sberbank ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋធំបំផុត ហើយចំណែកភាគហ៊ុនទាំងនោះមានការកើនឡើង ១២ ដង។ សំណាងល្អ បុរសជនជាតិរុស្ស៊ីបានសម្រេចចិត្តលក់ភាគហ៊ុនទាំង Sberbank និង Gazprom នៅឆ្នាំ ២០០៦ បន្ទាប់ពីសងបំណុលធនាគារអស់ ហើយនៅឆ្នាំ ២០០៨ ពិភពលោកក៏បានជួបប្រទះវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មាន៕
ប្រភព: nairametrics