ការ​ផលិត​នាវា​ តាម​ការ​កុម្ម៉ង់ពីសេដ្ឋីៗ​ឆ្នាំ​២០២១ កើន​ឡើង​រាប់ពាន់គ្រឿង

អន្តរជាតិ

វា​គឺ​ជា​រឿងសាមញ្ញ​ដែល​មហាសេដ្ឋី​ម្នាក់ៗ ត្រូវតែ​មាន​ឧបករណ៍ និង​យានយន្ត​ទំនើបៗ​ ហើយ​បើ​សិន​ជា​មិនមាន​យន្តហោះ​ផ្ទាល់ខ្លួន ក៏​នាវា​ផ្ទាល់ខ្លួន​គឺ​ចាំបាច់​ត្រូវតែ​មាន ដើម្បី​បង្ហាញ​ពី​មុខមាត់​នៅ​ក្នុង​សង្គម​របស់​ពួក​វណ្ណៈ​ជាន់ខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែង បច្ចុប្បន្ន​អត្រា​នៃ​ការ​ផលិត​នាវា​ផ្ទាល់ខ្លួន​សម្រាប់​បុគ្គល​លំដាប់​អភិជន​មាន​ការ​កើនឡើង​ខ្ពស់​សឹង​មិន​គួរ​ឲ្យ​ជឿ ពោល​ការ​កុម្ម៉ង់​នាវា​ខ្នាតធំ​នៅ​ក្នុង​ឆ្នាំ​នេះ​មានការ​កើនឡើង​ដល់​ទៅ ២៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ពោល​គឺ​ដល់ទៅ ១ ២០០ គ្រឿង។

ដោយឡែក សម្រាប់​នាវា​ខ្នាត​តូច​វិញ គឺ​កើនឡើង​ដល់ទៅ ៣០,៥% បើ​ធៀប​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ហើយ​តួលេខ ១ ២០០ គ្រឿង​ខាងលើ​អាច​និយាយ​បានថា​ជា​ចំនួន​ផលិត​ច្រើន​បំផុត ដោយ​កាលពី​ជាង​មួយ​ទសវត្ស​មុន​នៅ​ឆ្នាំ ២០០៩ នាវា​ខ្នាត​ធំ ១ ០០៨ គ្រឿង​ត្រូវបាន​ផលិត និង​ចាត់ទុក​ជា​ចំនួន​ច្រើនជាង​គេ​នា​ពេលនោះ។

បើ​តាម​ការ​អះអាង​ពី Sky News ក្រុម​មហាសេដ្ឋី​គឺ​មាន​​ការ​កើនឡើង​ខ្ពស់​បំផុត​ បន្ទាប់​ពី​មាន​ការ​បង្កើត​នូវ​មន្ទីរពិសោធន៍​វិសមភាព​ពិភពលោក​នៅ ឆ្នាំ ១៩៩៥ ជាក់ស្ដែង​ពួកគេ​មាន​កំណើន​ទ្រព្យសម្បត្តិ​សរុប ៣,៦ ទ្រីលាន​ដុល្លារ​កាលពី​ឆ្នាំ​ទៅ ខណៈ​បច្ចុប្បន្ន​គិត​ត្រឹម​ពាក់កណ្ដាល​ខែតុលា កើន​លើស ៥ ទ្រីលាន​ដុល្លារ​ហើយ។

បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​តួលេខ ១ ២០០ គ្រឿង ក្រុម​មហាសេដ្ឋី​ហាក់​ពេញចិត្ត​ជាមួយ​នាវា​ដែល​ផលិត​នៅ​ប្រទេស​អ៊ីតាលី​ជាងគេ ដោយ​បច្ចុប្បន្ន​មាន​ការ​កក់​នាវាខ្នាតយក្ស​ដែល​ផលិត​នៅ​អ៊ីតាលី​ដល់ទៅ ៥២៣ គ្រឿង ខណៈ​​នាវា​ដែល​ផលិត​នៅ​ចក្រភព​អង់គ្លេស​មាន​ការ​បញ្ជា​ទិញ ៨១ គ្រឿង៕

ប្រភព: luxurylaunches