មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ក្រោយបើកប្រទេសឡើងវិញអស់ពេលជាង១ខែមកនេះ គឺសកម្មភាពសេដ្ឋកិច្ចមានការកើនឡើង និងល្អប្រសើរជាងមុន ខណៈកម្ពុជាបានស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ពាសពេញផ្ទៃប្រទេស។ លោកថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងត្រលប់មករកស្ថានភាពដើមវិញ គឺក្នុងរង្វង់៧%។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១៤ ធ្នូនេះ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនល្អប្រសើរនៅពេលនេះ គឺដោយសំអាងទៅលើកត្តាមួយចំនួន ដូចជាកត្តាទីផ្សារក្រៅប្រទេស ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដែលជាទីផ្សារធំរបស់កម្ពុជា មិនមានភាពថមថយ។ ក្រៅពីនេះ ក៏មានកត្តាសំខាន់ៗផ្សេងៗទៀត ដូចជាកត្តាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមផ្សំជាមួយវិធានការនានា ដែលរដ្ឋាភិបាលដាក់ចេញនាពេលកន្លងមក។
តួលេខរយៈពេល១១ខែឆ្នាំ២០២១នេះ បង្ហាញឲ្យឃើញថា វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរមានកំណើន ១៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ដែលមានត្រឹម១០%ប៉ុណ្ណោះ។ ចំណែកការនាំចេញទំនិញមិនមែនកាត់ដេររយៈពេល១១ខែ គឺមានការកើនឡើងប្រមាណ៥៣%។
លើសពីនេះ ការនាំចេញវិស័យកសិកម្ម ក៏មានការកើនឡើងច្រើនដែរ ដែលវិស័យកាត់ដេរ និងវិស័យកសិកម្ម បានដើរតួនាទីសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ខណៈវិស័យអចលនទ្រព្យត្រូវបានវាយតម្លៃថាមិនមានឧបសគ្គធ្ងន់ធ្ងរ ដោយសារនៅតែមានសកម្មភាពទិញ លក់ ជាធម្មតា៕