ក្រោយជោគជ័យក្នុងមុខជំនួញ លោក ឌី វ៉ាន់ខូវ មិនភ្លេចក្នុងការចូលរួមបរិច្ចាគត្រឡប់មកសង្គមវិញ។ ជាក់ស្តែងមហាជន តែងឃើញមានវត្តមានលោកចូលលះបង់បរិច្ចាគទ្រព្យធនធានជាគ្រឿងសម្ភារៈ និងថវិកាជូនដល់រារដ្ឋាភិបាលកម្ពុជា សមាគម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងជួបបញ្ហាលំបាកផ្សេងសម្រាប់ជីវភាពប្រចាំ។
មិនតែប៉ុណ្ណោះ ក្នុងនាមលោកជាពុទ្ធសាសនិកខ្មែរកាន់និងគោរពប្រតិបត្តិតាមសាសនាព្រះពុទ្ធជាម្ចាស់ ដោយមានជំនឿស៊ប់លោកបានចូលរួមបរិច្ចាគ ២ពាន់ដុល្លារ ប្រគេនដល់ព្រះអង្គ វជិរប្បញ្ញោ គូ សុភាព ដែលជាព្រះសង្ឃល្បីមួួយអង្គខាងផ្នែកអប់រំផ្លូវចិត្ត និងបណ្តុះបណ្តាលលើកទឹកចិត្តតាមរយៈមាគ៌ាព្រះពុទ្ធសាសនា។
ការប្រគេនថវិកានៅពេលនេះរបស់លោក ឌី វ៉ាន់ខូវ អគ្គនាយកក្រុមហ៊ុន P.Y Mart និងអគ្គនាយករង លោក រឿន ដារ៉េត តាមរយៈព្រះអង្គ គូ សុភាព ដើម្បីចូលរួមឧបត្ថម្ភក្នុងការកែលម្អបរិវេណ បរិស្ថាន សោភ័ណភាព សាលាបឋមសិក្សាញឹមវណ្ណដាគងជ័យ ស្ថិតនៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ជាមួយនឹងទឹកចិត្តជ្រះថ្លាប្រកបដោយចិត្តសប្បុរសរបស់លោកអគ្គនាយក/រង ព្រះអង្គ គូ សុភាព មានសង្ឃដីកាថា អនុមោទនាសទ្ធាជ្រះថ្លារបស់លោក ឌី វ៉ាន់ខូវ និងលោក រឿន ដារ៉េត ដែលបានចូលរួមឧបត្ថម្ភក្នុងការកែលម្អបរិវេណ បរិស្ថាន សោភ័ណភាព សាលាបឋមសិក្សាញឹមវណ្ណដាគងជ័យ សូមម្ចាស់ទានបានសេចក្ដីសុខ រួចផុតពីទុក្ខទាំងពួង។
គួររម្លឹកថា ក្រុមហ៊ុន P.Y Mart របស់លោក ឌី វ៉ាន់ខូវ បានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនជាង ៣០០ សាខានៅទូទាំងប្រទេស ដែលផ្តោតសំខាន់ទៅលើសេវាកម្មប្រេនឆាយបើកប្រភេទម៉ាតតូចៗ មានសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្គត់ផ្គង់អគិសនី សម្ភារៈកូនក្មេង ដែលនាំចូលពីសហរដ្ឋអាមេរិក អ៊ឺរ៉ុប កូរ៉េ ថៃ ចិន៕