មហាសេដ្ឋីអេហ្ស៊ីបដែលមានជំនួញខ្នាតយក្សផ្នែកសាងសង់ លោក Samih Sawiris នឹងប្រកាសចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន Orascom Development Holding ដោយប្រគល់ភារកិច្ចមួយនេះទៅកាន់កូនប្រុសរបស់លោកវិញ។ នេះបើតាមការអះអាងពីក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអង្គារ។
ប្រភពដដែលបន្ថែមថា Sawiris នឹងមិនឈរឈ្មោះជាបេក្ខភាពទៀតឡើយនៅពេលមានការប្រជុំប្រចាំឆ្នាំសម្រាប់ការជ្រើសរើសតំណែងមួយនេះនៅខែឧសភាឆ្នាំក្រោយ។
នេះមានន័យថា ស្ដេចត្រាញ់ផ្នែកសំណង់រូបនេះនឹងចុះចេញពីកៅអីជាក្បាលម៉ាស៊ីនក្រុមហ៊ុន បន្ទាប់ពីក្ដោបក្ដាប់តំណែងមួយនេះអស់រយៈពេលជាង ៣០ ឆ្នាំ តែលោកក៏នឹងនៅតែបន្តជាអ្នកផ្ដល់ប្រឹក្សាសម្រាប់គម្រោងការណ៍សំខាន់ៗដដែល។
ដោយឡែក ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានស្នើជាឯកច្ឆន្ទតែងតាំង Naguib Samih Sawiris ឱ្យជាប់ឆ្នោតជាប្រធានបន្តពីឪពុកនៅក្នុងកិច្ចប្រជុំសន្និបាតប្រចាំឆ្នាំ ខណៈគាត់នឹងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនជំនួសឱ្យឪពុករបស់គាត់។
រីឯបេក្ខភាពប្រធានក្រុមហ៊ុនថ្មី Naguib Samih Sawiris វិញ បាននិយាយពីចក្ខុវិស័យរបស់លោកថា នឹងផ្ដល់សំខាន់ទៅលើការធានាផ្ដល់ឲ្យក្រុមហ៊ុននូវភាពចម្រុងចម្រើនដូចកាលពីអតីតភាព និងជួយអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យឆ្ពោះទៅរកគោលដៅដែលមានភាពត្រចះត្រចង់នាថ្ងៃអនាគត៕
ប្រភព: Reuters