ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា Elon Musk គឺជាមហាសេដ្ឋីមានបំផុតលើលោកជាមួយទ្រព្យសម្បត្តិប្រមាណជិត ៣០០ ពាន់លានដុល្លារអាមេរិក។
ថ្វីបើលោកជាបុគ្គលមានទ្រព្យច្រើនបំផុតពិតមែន តែបើនិយាយពីការកើនចំណូលធៀបនឹងឆ្នាំទៅ បុរសវ័យ ៥០ ឆ្នាំមិនមែនជាបុគ្គលមានការកើនចំណូលខ្ពស់បំផុតឡើយពោល ជាក់ស្ដែងមហាសេដ្ឋីជាង ៤០០ នាក់នៅអាមេរិកកើនទ្រព្យជាង ៤០% បើធៀបនឹងឆ្នាំទៅ ខណៈជាមធ្យមគឺកើនបាន ២២២% និងទាបបំផុតគឺ ១៣១%។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ៥ រូបដែលមានអត្រាកើនទ្រព្យសម្បត្តិខ្ពស់បំផុតប្រចាំឆ្នាំ ២០២១ ដោយយោងតាមការចុះផ្សាយពី Forbes៖
5/ Bobby Murphy
ជាសហស្ថាបនិកបណ្ដាញសង្គម Snapchat ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមាន ១៥,២ ពាន់លានដុល្លារអាមេរិក ដែលវាកើនឡើងដល់ទៅ ២២៣% បើគិតជាទឹកប្រាក់គឺ ១០,៥ ពាន់លានដុល្លារ។
ការកើនឡើងដ៏សម្បើមនេះផងដែរ គឺដោយសារតម្លៃភាគហ៊ុនរបស់ Snapchat មានការឡើងថ្លៃ ស្របពេលអចលនទ្រព្យនៅទីក្រុង California របស់លោកក៏ត្រូវប៉ាន់ដូចគ្នា។
4/ Joe Gebbia
ជាសហស្ថាបនិកក្រុមហ៊ុន Airbnb ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ១០,៨ ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំទៅកើនដល់ ២៤៨% ឬប្រមាណ ៧,៧ ពាន់លានដុល្លារអាមេរិក។ Gebbia បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ២៥ លានដុល្លារអាមេរិកសម្រាប់ការជួយដល់ប្រជាជនគ្មានកន្លែងស្នាក់នៅនៅទីក្រុង San Francisco និងដាក់ឲ្យប្រើប្រាស់នៅ Airbnb.org ដែលជាស្ថាប័នជួយដល់ជនភៀសខ្លួនមិនគិតពីប្រាក់កម្រៃ។
3/ Vinod Khosla
ជាវិនិយោគិនមួយរូបជោគជ័យជាមួយនឹងការបណ្ដាក់ទុននៅក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជាក្រុមហ៊ុន Affirm និងក្រុមហ៊ុនដឹកជញ្ជូនអាហារ DoorDash ជាដើម ស្របពេលថ្មីៗនេះមានដំណឹងថា លោកកំពុងសិក្សាចង់បណ្ដាក់ទុនជាមួយ Alphabet ថែមទៀត។
Khosla បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៨,៦ ពាន់លានដុល្លារ ដែលនេះគឺជាការកើនឡើង ២៥៨% ឬ ៦,២ ពាន់លានដុល្លារអាមេរិកបើធៀបនឹងឆ្នាំទៅ។
2/ Brian Chesky
ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Airbnb ដែលធ្លាប់ត្អូញត្អែរកាលពីមានជំងឺរាតត្បាតថា ជាដំណាក់កាលពិបាកបំផុតនៅក្នុងជីវិតរបស់លោក តែពេលនេះអ្វីៗត្រូវបានផ្លាស់ប្ដូរ ដោយសារទ្រព្យសម្បត្តិរបស់លោកមាន ១២,៥ ពាន់លានដុល្លារអាមេរិក ដែលកើនបាន ៩,៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំទៅ ពោលកើនដល់ទៅ ៣០៣%។
1/ Dan Gilbert
បុគ្គលឈរឈ្មោះជាមហាសេដ្ឋីកើនចំណូលច្រើនបំផុតធៀបនឹងឆ្នាំទៅគឺ សហគ្រិនជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិប្រមាណ ៣០,៩ ពាន់លានដុល្លារអាមេរិក ដែលវាកើនដល់ទៅ ២៣,៤ ពាន់លានដុល្លារអាមេរិក ឬ ៣១២% បើធៀបនឹងឆ្នាំទៅ។
កត្តាដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនយ៉ាងគំហុកបែបនេះ គឺដោយសារភាគហ៊ុននៃក្រុមហ៊ុន Rocket Companies មានការឡើងថ្លៃខ្លាំង ស្របពេលហាងលក់ស្បែកជើងតាមអនឡាញ StockX របស់លោកក៏មានអតិថិជនច្រើនលើសលប់ផងដែរនៅឆ្នាំនេះ។
បញ្ជាក់ដែរថា ស្ថិតិខាងលើគឺជាការស្រង់មតិដោយគេហទំព័រ Forbes ដែលបានគិតត្រឹមចុងត្រីមាសទី ៣ ប្រចាំឆ្នាំ ២០២១ ដើម្បីគណនាពីទំហំនៃការកើនទ្រព្យនៃមហាសេដ្ឋីទូទាំងពិភពលោក៕
ប្រភព: Forbes