ក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រមហ៊ុន Y.L.P Group គឺក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត បានដាក់សំណើរស្នើសុំវិនិយោគសាងសង់កំពង់ផែទឹកជ្រៅមួយកន្លែង នៅលើផ្ទៃដីសរុបចំនួន ៤៩២,៦៤ ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត កាលពីពេលថ្មីៗកន្លងទៅ។
លោក អ៊ុក ភ័ក្ត្រា បានបង្ហាញក្តីសង្ឃឹមថា គម្រោងមួយនេះនឹងជួយជំរុញវិស័យការដឹកជញ្ជូន តាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ពិសេសអាចនឹងក្លាយជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មសំបូរបែបមួយ ក្នុងខេត្តកោះកុង។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅនេះ ក៏មានសាងសង់ អគាររដ្ឋបាល អគារឃ្លាំង អគារ និងរោងជាង ជាដើម។ ទោះជាយ៉ាងណា លោក អ៊ុក ភ័ក្រ្តា មិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់នៃការវិនិយោគនិងពេលវេលាអំពីដំណើរការសាងសង់កំពង់ផែទឹកជ្រៅនេះ នៅឡើយទេ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមហ៊ុន បាននឹងកំពុងសិក្សា។
ទាក់ទងនឹងការវិនិយោគកំពង់ផែទឹកជ្រៅនេះដែរ លោកអភិបាលរងខេត្ត បានស្នើសុំដល់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បន្តពិនិត្យលើផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោង និងស្នើសុំឲ្យបង្កើតគម្រោងអភិវឌ្ឍន៍ មូលដ្ឋានគាំទ្រសំដៅធានាដល់ធនធានជីវចម្រុះ និងបរិស្ថានមានស្ថិរភាព ជាពិសេសផ្កាថ្ម៕