ប្រមុខរដ្ឋាភិបាលបានហៅជំនួយដែលចិនផ្តល់ឲ្យសម្រាប់ការកសាងពហុកីឡដ្ឋានមរតកតេជោ គឺជាជំនួយឥតសំណងធំបំផុត ដែលបង្ហាញពីមិត្តភាពដែកថែករបស់ប្រទេសទាំងពីរកម្ពុជានិងចិន។
ក្នុងពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឲ្យដឹងថា ការផ្តល់ជំនួយក្នុងការកសាងពហុកីឡដ្ឋាននេះបង្ហាញពីជម្រៅទឹកចិត្តរបស់មិត្តចិន ដែលឈរលើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាពទៅវិញទៅមក ។
គម្រោងស្ថាបនាពហុកីឡដ្ឋានមរតកតេជោដែលបានចំណាយការសាងសង់ប្រហែល ១៥០ លានដុល្លារ ត្រូវបានប្រមុខរដ្ឋាភិបាលអះអាងថា នឹងជួយពង្រឹងបានឯករាជ្យភាព និងអធិបតីភាពរបស់ប្រទេសកម្ពុជា។
ពហុកីឡដ្ឋានជាតិមរតកតេជោនឹងប្រើប្រាស់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ ពហុកីឡដ្ឋានធំនេះ អាចផ្ទុយអ្នកទស្សនាជាង៦ម៉ឺននាក់ ហើយអ្វីដែលពិសេសគឺក្រុមការងារបច្ចេកទេសបានរៀបចំច្រកសុវត្ថិភាព ដោយអាចជម្លៀសអ្នកគាំទ្រទាំងអស់ ក្នុងរយៈពេលត្រឹមតែ៧នាទីប៉ុណ្ណោះ។
ពហុកីឡដ្ឋានជាតិមរតកតេជោ មានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ ហើយនៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ មានទីលានបាល់ទាត់, ទីលានអត្តពលកម្ម ,សាលបាល់បោះ ,សាលបាល់ទះ ,សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម ។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសាងសង់នៅលើផ្ទៃដីជាង៨៥ហិកតា ដែលបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ និងរួចរាល់នៅ ចុងឆ្នាំ២០២១៕