រដ្ឋាភិបាលថៃ សម្រេចយកពន្ធទៅលើការលក់ដូរភាគហ៊ុន ចាប់ពីឆ្នាំក្រោយទៅ

អន្តរជាតិ

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpittyapaisith បានមានប្រសាសន៍ថា ក្រសួងនឹងចាប់ផ្តើមយកពន្ធ ទៅលើការលក់ដូរភាគហ៊ុន របស់អ្នកវិនិយោគ​ឯកជន នៅក្នុងផ្សារហ៊ុនរបស់ថៃ (SET) នៅឆ្នាំក្រោយ ដើម្បីបង្កើនចំណូលចូលជាតិបន្ថែម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងពន្ធនៅលើប្រតិបតិ្តការហិរញ្ញវត្ថុ មាននៅក្នុងបញ្ជីអស់រយ:ពេលប្រហែល ៣០ ឆ្នាំមកហើយ ប៉ុន្តែយ៉ាងណាវាតែងតែត្រូវបានលើកលែង ។

យ៉ាងណា លោក Arkhom បាននិយាយថា ក្រសួងចំាបាច់ត្រូវតែអនុវត្តការយកពន្ធនេះ ដើម្បីបង្កើតប្រាក់ចំណូលជូនរដ្ឋបន្ថែម បន្ទាប់ពីមានការលើកលែងអស់រយ:ពេលជាយូរមកហើយ ។ លោកបន្តទៀតថា នៅមុនពេលដាក់ចេញការយកពន្ធណាមួយ រដ្ឋាភិបាលក៏ត្រូវតែគិតគូអំពីស្ថានភាពសេដ្ឋកិច្ចផងដែរ ។

លើសពីនេះ ប្រភពមួយចេញពីក្រសួង ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការអនុវត្តពន្ធទៅលើប្រតិបត្តិការហិរញ្ញវត្ថុ នឹងជាផ្នែកមួយនៃការផ្លាស់ប្តូររចនាសម្ព័ន្ធ ដើម្បីធានាបាននូវចំណូលចូលរដ្ឋប្រកបដោយនិរន្តភាព ។

ប្រភពដដែលបានបង្ហាញទៀតថា ពន្ធលើប្រតិបត្តិការហិរញ្ញវត្ថុនេះ នឹងមានចំនួន ០,១% លើការលក់ភាគហ៊ុន ដែលនឹងត្រូវអនុវត្តចំពោះវិនិយោគិន ដែលធ្វើការលក់លើសពី ១ លានបាត ប៉ុន្តែក្រសួងនៅមិនទាន់អាចសម្រេច បានថា តើដែនកំណត់នឹងលើសពី ១ លានបាតក្នុងមួយខែ ឬក្នុងមួយប្រតិបត្តិការនោះ។

បន្ថែមពីនេះ ពន្ធលើប្រតិបត្តិការហិរញ្ញវត្ថុ ដែលរដ្ឋាភិបាលត្រៀមយកនេះ ត្រូវគេរំពឹងថានឹងនាំមកនូវប្រាក់ចំណូលច្រើនជាង ១០ ពាន់លានបាត ក្នុងមួយឆ្នាំ ។

គួរឲ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះដល់ ៦,១% កាលពីឆ្នាំមុន ដែលភាគច្រើនគឺប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។ ប៉ុន្តែយ៉ាងណាក្រសួងបានព្យាករថាសេដ្ឋកិច្ច នឹងមានការកើនឡើង ១% ភាគរយវិញ នៅឆ្នាំនេះ ហើយនឹងបន្តកើនឡើងដល់ ៤ %  នៅឆ្នាំក្រោយ ៕

ប្រភព: Bangkok Post