កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla Inc ទើបនឹងទទួលពាក្យបណ្ដឹងក្រោមការចោទប្រកាន់ពីក្រុមវិនិយោគិន ចំពោះសកម្មភាពរបស់នាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Elon Musk ដែលបានបង្ហោះសារនៅលើ Twitter អំពីការលក់ភាគហ៊ុន ១០% កន្លងទៅ។
វិនិយោគិន David Wagner បានស្នើសុំសិទ្ធិសម្រាប់ពិនិត្យមើលថា តើ Tesla និង Elon Musk បានបំពានលើកិច្ចព្រមព្រៀងជាមួយនិយតករមូលបត្ររបស់សហរដ្ឋអាមេរិក ហើយសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានបរាជ័យក្នុងការប្រកាន់ខ្ជាប់នូវកាតព្វកិច្ចសម្រាប់ទំនួលខុសត្រូវរបស់ពួកគេដែរឬអត់។
រំលឹកដែរថា តម្លៃហ៊ុនរបស់ Tesla បានហក់ឡើងដល់ចំណុចខ្ពស់បំផុត តែនៅពេលដែល Musk បាននិយាយកាលពីថ្ងៃទី ០៦ វិច្ឆិកាថា លោកនឹងលក់ភាគហ៊ុន ១០% ប្រសិនបើអ្នកគាំទ្រលើ Twitter បោះឆ្នោតយល់ព្រម បានធ្វើឲ្យតម្លៃហ៊ុននៃ Tesla ធ្លាក់ចុះប្រហែល ១/៤។
ដោយឡែក ពាក្យបណ្ដឹងដែលដាក់ទៅកាន់តុលាការ Delawar Court of Chancery កាលពីថ្ងៃព្រហស្បតិ៍ គឺស្នើសុំស្រាវជ្រាវអំពីកំណត់ត្រា និងឯកសារពាក់ព័ន្ធជាមួយនឹងការបង្ហោះសារលើ Twitter នោះ ថាតើនេះគឺជាការរៀបចំទុកមុន ឬក៏យ៉ាងណា។
បញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ កន្លងទៅ Musk ក៏ធ្លាប់បានទទួលពាក្យបណ្ដឹងម្ដងហើយពីខាង គណៈកម្មការមូលបត្រ សម្រាប់ការបង្ហោះសារនៅលើ Twitter ដែលបង្ហាញពីរឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយកាលពីខែមីនាទៀតសោត ក៏មានវិនិយោគិនម្នាក់ទៀតប្ដឹងលោក ដោយសារមហាសេដ្ឋីវ័យ ៥០ ឆ្នាំបានបញ្ចេញព័ត៌មានខាតបង់ចំណូលពាន់លានដុល្លាររបស់ក្រុមវិនិយោគិនជាសាធារណៈ៕
ប្រភព: Kelo