អ្នកនាំពាក្យប៉ូលិសក្រុង បដិសេធថា ជនមិនស្គាល់មុខចូលប្លន់ផ្ទះឧកញ៉ា អ៊ាន​ សៀវមុី​ មិនបាត់បង់ទឹកប្រាក់ ១០លានដុល្លារនោះទេ

ជុំវិញ​ឧកញ៉ា

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ធ្នូនេះ បានចេញមកអះអាងទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះឧកញ៉ា អ៊ាន​ សៀវមុី​ ថា មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។

ការចេញមកអះអាងដូច្នេះ របស់អ្នកនាំពាក្យប៉ូលិសក្រុងនៅពេលនេះ ក្រោយមាមករណីក្រុមចោរប្រដាប់អាវុធចំនួន៤ នាក់ នៅវេលាម៉ោង ១០:៤០នាទី ព្រឹកថ្ងៃ១ ធ្នូនេះ បានចូលប្លន់ដល់ក្នុងភូមិគ្រឹះឧកញ៉ា អ៊ាន សៀវម៉ី ស្ថិតនៅ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយក្រុមចោរបានចូលយកគ្រឿងអលង្ការ និងទឹកប្រាក់មួយចំនួន។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្រោយកើតហេតុ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ​ នៅផ្ទះឧកញ៉ា អ៊ាន​ សៀវមុី​ ដោយបានប្លន់យកលុយ​ និងគ្រឿងអលង្កការ​ សរុប​ ចំនួន​ ១០លានដុល្លារ​។ ការចុះផ្សាយដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ​។

ស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជាក់ថា​ នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ​ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡេីយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​ ។

ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលរាជធានី សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ​ ឱ្យបានច្បាស់លាស់ជាមុនសិន​ មុននឹងធ្វេីការចុះផ្សាយ​ ចៀសវាងធ្វេីឱ្យមានភាពច្របូកច្របល់​ ជាពិសេសបំប៉ោងសភាពការណ៍​ជាដេីម​។ ខណៈដែលពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព