លោកបណ្ឌិត សុខ ទូច នេះហើយ ដែលបានធ្វើដំណើរតាមទូក ទៅពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពបឹងទន្លេសាប ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយពិនិត្យឃើញព្រៃលិចទឹក និងដីតាមបឹងទន្លេសាបដល់ទៅរាប់ម៉ឺនហិកតា រងការទន្រ្ទាន ហើយលោកបានធ្វើរបាយការណ៍ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
មិនបង្អង់យូរឡើយ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាទៅអង្គភាពពាក់ព័ន្ធភ្លាម ឲ្យចាត់វិធានការលើអ្នក ដែលកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីរដ្ឋតាមតំបន់បឹងទន្លេសាប។ អនុវត្តតាមបញ្ជារបស់ប្រមុខរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប បាននឹងកំពុងចាប់ផ្តើមបើកយុទ្ធនាការដាំកូនឈើជាច្រើនប្រភេទ ក្រោយមានបទបញ្ជាពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។
ជុំវិញការបើកយុទ្ធនាការរបស់អាជ្ញាធរខេត្តជាប់បឹងទន្លេសាប ចាប់ផ្តើមដាំកូនឈើនោះ លោកបណ្ឌិត សិខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសាទរទៅនឹងការដាំដើមឈើ ប៉ុន្តែលោកហាក់មិនយល់ស្រប ចំពោះការដាំដើមឬស្សី និងដើមត្នោតជាដើម ដែលលោកចាត់ថា វាមិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបនោះទេ។
លោកបណ្ឌិត សុខ ទូច ថ្លែងក្នុងន័យដើមថា សូមអរគុណអ្នកដែលដាំដើមឈើឡើងវិញនៅតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប គួរតែដាំប្រភេទដើមឈើណាដែលធ្លាប់ដុះនៅតំបន់នោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ជាជម្រកសម្រាប់ត្រីពង និងផ្តល់ជាស្លែឬចំណីផ្សេងៗដល់ត្រី ដូចជាដើមឈើកែង, ដើមរាំងទឹក,ដើមរំដេញ និងប្រភេទដើមឈើដែលដុះក្នុងតំបន់នោះ ។
លោកថា ការផ្តល់អាទិភាពដាំ ដើមឫស្សី ហាក់មិនសូវសមហេតុផលនៅតំបន់បឹងទន្លេសាបទេ ព្រោះឫស្សីគេដាំដើម្បីទប់ដី កុំឱ្យបាក់ច្រាំង នៅតាមព្រែក ប្រឡាយ អូរជាដើម រីឯដើមត្នោតក៏មិនបានផ្តល់ជាជម្រកដល់ត្រីដែរ។
បើអ្នកស្រាវជ្រាវរូបនេះ ព្រៃរនាមនៅតំបន់ព្រៃលិចទឹក បើយើងមិនព្យួររាស់ទន្ទ្រានទេ តែរយៈពេល២ទៅ៣ឆ្នាំ វានឹងដុះមកវិញមិនខាន។
គួររំលឹកថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានប្រកាសថា ត្រូវប្តូរផ្តាច់ការពារបឹងទន្លេសាប ឲ្យបានជាដាច់ខាត៕