ក្នុងជំនួបកាលពីសប្តាហ៍កន្លង កម្ពុជា និងអាមេរិក បានពិភាក្សាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍឆ្នាំ ២០២១-២០២៥ ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខាក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០២២ខាងមុខ។ តាមរយៈកិច្ចព្រមព្រៀងនេះ ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០លានដុល្លារ ដែលរដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ឲ្យកម្ពុជា សម្រាប់គាំទ្រដល់វិស័យអាទិភាពចំនួន ៤ គឺវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន សម្រាប់រយៈពេល ៥ឆ្នាំ។
នេះបើយោងតាមជំនួបកាលពីថ្ងៃទី១៦ ខែធ្នូនេះ រវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។
ជាមួយគ្នានេះ លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន អភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥ លានដុល្លារ និងវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Johnson &Johnson ប្រមណ ១,០៦ លានដូស មកឲ្យរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់វិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ។
ដោយឡែក លោក W. Patrick Murphy ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសការគ្រប់គ្រងបានល្អប្រសើរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រេចតាមផែនការក្នុងការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា។
លើសពីនេះ ភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រធានទបទដែលពាក់ព័ន្ធដូចជា ផលប៉ះពាល់នៃជំងឺកូវីដ ការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ បរិស្ថាន កសិកម្ម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕