លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ បានចុះបង្រ្កាប និងឃាត់ខ្លួនមនុស្សមួយចំនួនជាប់ពាក់ព័ន្ធករណីក្រុមចោរមួយក្រុមចូលប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនប្រធានគណបក្សខ្មែរក្រោក គេស្គាល់ថាជាលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang។
តាមរយៈទំព័រហ្វេសបុកផ្លូវលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានឲ្យដឹងថា នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។។
គួររម្លឹកថា ករណីប្លន់ប្រដាប់ដោយអាវុធផ្អើលក្រុងភ្នំពេញនេះបានកើតឡើងនៅវេលាម៉ោង១០:៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍បឋមពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមានស្រី៥ និងក្មេង៣នាក់ កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបន្តថា ពេលកំពុងរៀបចេញពីផ្ទះរបស់គ្រួសារឧកញ៉ា អ៊ាន សៀវម៉ី ភ្លាមៗ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ ម៉ាក GS អត់ស្លាកលេខពណ៌ស ដែលក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤ ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ដោយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងដើម្បីអនុវត្តដីកា។
បើតាមសមត្ថកិច្ច ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ៕
សូមចុចអាន៖