នៅយប់ថ្ងៃទី២០ ម្សិលមិញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ ក្នុងនោះ កម្លាំងសមត្ថកិច្ច ក៏បានដកហូតនៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
ដោយឡែកនៅថ្ងៃអង្គារ៍នេះ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់លើឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានសរុបជាង១០នាក់ ក្នុងនោះមានលោក William Guang ប្រធានគណបក្សខ្មែរក្រោក គឺជា «មេខ្លោង» រៀបចំផែនការ និងបានដឹកនាំផ្ទាល់ទៅប្លន់ផ្ទះ អ៊ាន សៀវម៉ី។
បន្ថែមលើនេះ ប្រធានគណបក្សខ្មែរក្រោក ក៏បានសារភាពប្រាប់សមត្ថកិច្ច អំពីទង្វើរបស់ខ្លួនដែរ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ ប្រាប់សារព័ត៌មាន Fresh news។
គួររម្លឹកថា សំណុំរឿងចូលប្លន់ផ្ទះអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះ ឧកញ៉ា អ៊ាម សៀវម៉ី ត្រូវបានក្រុមចោរប្រដាប់អាវុធចំនួន៤ នាក់ បានចូលប្លន់ដល់ភូមិគ្រឹះរបស់លោកស្រី នៅវេលាម៉ោង ១០:៤០នាទី ព្រឹក។
ភ្លាមៗនោះ ព័ត៌មានបឋមពីកន្លែងកើតហេតុបានឪ្យដឹងថា ក្រុមចោរប្លន់ បានយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ ប៉ុន្តែក្រោយមក ត្រូវបានអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ចេញមកបដិសេធ ដោយបានអះអាងថា មិនមានការយកលុយនោះទេ ដោយយកតែគ្រឿងអលង្កាប៉ុណ្ណោះ៕