កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន ៧ សម្រាប់ផែនការនៅឆ្នាំបន្ទាប់ទៅលើវិស័យសំខាន់ៗជាអាទិភាពរវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះធ្វើឡើង នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃរបស់លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម ដោយចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៧ នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ ក្រោមវត្តមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម។
១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។
២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។
៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។
៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។
៦- អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។
៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។
បន្ថែមើលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ទាំងសងខាង ផង និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ៕