ក្រុមការងារអន្តរក្រសួង ទទួលបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះពិនិត្យនិងស្រាវជ្រាវបញ្ហាការទន្រ្ទាន និងកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប បន្ទាប់ពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌត្យសភាកម្ពុជា កាលពីខែវិច្ឆិកា បានចុះស្រាវជ្រាវរកឃើញអ្នកទន្រ្ទានដីព្រៃលិចទឹកមានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្ន ហើយបានរាយការណ៍ទៅកាន់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។
ទាក់ទងនឹងបញ្ហាការទន្រ្ទានដីព្រៃលិចទឹកនេះដែរ ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចដោយខុសច្បាប់ជាជំហានទី ១ ក្នុងតំបន់៣ ស្ថិតនៅស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយរកឃើញអ្នកទន្ទ្រានដីរដ្ឋចំនួន ១៩២១គ្រួសារ លើ៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើនឹងផ្ទៃដីប្រមាណ ៤៤៣៤,០៧ហិកតា។ បើតាមកិច្ចប្រជុំអន្តរក្រសួងដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន ក្នុងការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។
កិច្ចប្រជុំនេះ បានពិភាក្សា និងឯកភាពបន្តសំអាតទិន្នន័យ និងព័ត៌មានដែលបានចុះពិនិត្យជាក់ស្តែងកន្លងមក ដោយធ្វើការបញ្ជាន់និន្នន័យដែលបានចុះពិនិត្យជាក់ស្តែង ធៀបទៅនឹងផែនទីរបស់អាជ្ញាធរទន្លេសាប ដោយអាជ្ញាធរនឹងរៀបចំផ្តល់ជូន ជាមួយនឹងក្រុមការងារជំនាញ រៀបចំផែនការ និងចាត់ចែងដាំគ្រាប់ត្នោត តាមស្រុកគោលដៅទាំង៣ ដើម្បីចុះបញ្ជីដីព្រៃលិចទឹក តំបន់៣ របស់រដ្ឋ។
ដីព្រៃលិចទឹកក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាបរួមមានខេត្តកំពង់ឆ្នាំងពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាបនិងកំពង់ធំមានចំនួនប្រមាណ៦៥ម៉ឺនហិកតា។ អាជ្ញាធរខេត្តត្រូវបានកំណត់ភារកិច្ចកាតព្វកិច្ចនិងការទទួលខុសត្រូវលើការគ្រប់គ្រងការការពារនិងការថែរក្សាដែនព្រៃលិចទឹកហើយចំពោះការបាត់បង់ដែនព្រៃលិចទឹកនិងព្រៃលិចទឹកដែលស្ថិតក្នុងដែនសមត្ថកិច្ចនៃខេត្តណា គណៈអភិបាលនៃខេត្តនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរដ្ឋាភិបាល។
ក្រឡែកមក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវករណីនេះដែរ បានបង្ហាញការឈឺចាប់ នឹងទង្វើអ្នក ដែលបំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីតាមបឹងទន្លេសាប អស់រាប់ម៉ឺនហិកតា តែបែរជាឆ្លើយថា តែ២ទៅ ៣ពាន់ហិកតា។ ការប្រតិកម្មរបស់លោកបណ្ឌិត សុខ ទូច ធ្វើឡើងក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
លោកបណ្ឌិត សុខ ទូច បានអះអាងថា ការកាប់ទន្ទ្រានដីព្រៃលិចទឹកនាពេលនេះមានភាពធ្ងន់ធ្ងរ អាចនិយាយបានថាស្ថិតនៅក្នុងភាពប្រកាសអាសន្ន ដែលតម្រូវឲ្យមានការទប់ស្កាត់ជាបន្ទាន់។ លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ចំណាត់ការរបស់រដ្ឋាភិបាលពីចម្រុះក្រសួងគឺជារឿងត្រឹមត្រូវ ដើម្បីបង្រ្កាបដោយប្រើប្រាស់កណ្តាប់ដៃដែក។
គួររម្លឹកថា អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៦ធ្នូ បានឲ្យដឹងថា ACU សម្រេចឃាត់ខ្លួនមន្ត្រីពីររូប បន្ទាប់ពីបានសាកសួរហើយរកឃើញថា មន្ត្រីទាំងនោះបានទន្រ្ទានយកដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ មន្ត្រីទាំងពីររូបនោះ រួមមាន លោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ អង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការឃាត់ខ្លួននេះ ធ្វើឡើងដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕