លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវបញ្ហាការទន្រ្ទាន និងកាន់កាប់ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលលោកចាត់ថាកំពុងមានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្នដែលតម្រូវឲ្យមានការទប់ស្កាត់ជាបន្ទាន់ ពោលគឺអស់រាប់ម៉ឺនហិកតា ហើយលោកបានរាយការណ៍ទៅកាន់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។ ភ្លាមៗ សម្តេច ហ៊ុន សែន បានចេញបទបញ្ជាឲ្យបង្កើតក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវ និងដកហូតដីព្រែលិចទឹកពីអ្នកមានអំណាច អ្នកជំនួញ និងប្រជាពលរដ្ឋដែលកាន់កាប់ទន្ទ្រានយកដីរដ្ឋ។ លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា ចំណាត់ការរបស់រដ្ឋាភិបាលពីចម្រុះក្រសួងគឺជារឿងត្រឹមត្រូវ ដើម្បីបង្រ្កាបដោយប្រើប្រាស់កណ្តាប់ដៃដែក។
ថ្ងៃនេះសារព័ត៌មានឧកញ៉ាញូស៍ សូមបើកបង្ហាញប្រវត្តិ និងបទពិសោធនការងាររបស់លោក សុខ ទូច ដូចតទៅ៖
លោក សុខ ទូច ចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ លោកកើតនៅឆ្នាំ ១៩៦៥ ដែលមានបងប្អូនប្រាំនាក់ ស្រីពីរនាក់ និង ប្រុសបីនាក់ ស្ថិតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបានប្រឡងបញ្ចប់ថ្នាក់បឋម (ថ្នាក់ទីបួន) ក្នុងឆ្នាំ១៩៨៤។ ក្រោយប្រឡងជាប់ថ្នាក់បឋមមកគ្រួសារបានផ្លាស់ប្ដូរទីលំនៅមករស់នៅទីក្រុងភ្នំពេញ។
លោក សុខ ទូច ឡើងមករៀនបន្តថ្នាក់មធ្យមសិក្សាកម្រិតមួយនៅក្រុងភ្នំពេញ គឺនៅសាលាចតុមុខ និងបានបន្តចូលរៀនថ្នាក់វិទ្យាល័យគឺសាលាភ្នំដូនពេញ បច្ចុប្បន្នសាលាស៊ីសុវត្ថិ។ នៅរៀនសាលានេះ លោកបានឆ្លងកាត់ការលំបាកជាច្រើន ពីព្រោះស្ថានភាពគ្រួសារមិនមានលុយគ្រប់គ្រាន់ផ្គត់ផ្គង់ឲ្យលោក រៀន សូម្បីសំលៀកបំពាក់ក៏ខ្វះដែរ។ ពេលខ្លះត្រូវធាក់កង់ឌុបដើម្បីយកលុយផ្គត់ផ្គង់ការរៀនសូត្រ ។ លោកថា “មានអាវសតែមួយគត់រៀនបីឆ្នាំ នៅពេលគក់ម្ដងៗត្រូវអង្គុយយាមទាល់តែស្ងួតព្រោះខ្លាចគេ លួច”។ បើទោះបីឆ្លងកាត់ការលំបាកច្រើនយ៉ាងនេះក៏ដោយ ក៏រូបលោកបានជម្នះឧបសគ្គ ហើយបានប្រឡងបញ្ចប់ថ្នាក់បាក់ឌុបទទួលបានជោគជ័យនៅឆ្នាំ ១៩៨៩។
ក្រោយមក លោក សុខ ទូច ក៏បានសម្រេចចិត្តដាក់អាហារូបករណ៍ទៅបរទេសបន្ត តែដូរពីអាហារូបករណ៍កម្រិតឧត្ដមទៅអាហារូបករណ៍កម្រិតមធ្យមឯកទេស។ អាចចាត់ទុកបានថា ជាសំណាងល្អរបស់លោកដែរ ពីព្រោះបានប្រឡង [ជាប់បម្រុង]។ លោកថ្លែងថា៖ “នៅសល់ត្រឹមតែពីរសប្ដាហ៍ មុនពេលចេញដំណើរទៅរៀននៅក្រៅប្រទេស មានបេក្ខជនកម្រិតមធ្យមឯកទេសម្នាក់ដួលម៉ូតូបាក់ដៃ មិនអាចទៅរៀនបាន លោកក៏ត្រូវបានគេជ្រើសរើសឲ្យទៅរៀនជំនួសគេទៅ”។
លោកចូលរៀនថ្នាក់ឯកទេសដំបូងក្នុងឆ្នាំ១៩៩០ នៅរដ្ឋគីជីស្តង់ (បច្ចុប្បន្នប្រទេសគីជីស្ដង់)។ រៀនទីនោះបានមួយឆ្នាំ ដោយសារលោករៀនពូកែខាងសាលាក៏បានជំរុញលោកឲ្យរៀនថ្នាក់ឧត្ដម ដោយត្រូវទៅបន្តនៅរដ្ឋមួយទៀតក្នុងប្រទេសរុស្សី។ ការទៅសិក្សានៅប្រទេសរុស្ស៊ីជារឿងលំបាកបំផុត ពីព្រោះ រដ្ឋផ្ដល់ប្រាក់អាហារូបករណ៍ត្រឹមតែ៥ដុល្លារ ចំណែកខាងរដ្ឋាភិបាលរុស្ស៊ីឲ្យត្រឹមតែ១០ដុល្លារ សរុបទៅទទួលបានត្រឹមតែ១៥ដុល្លារក្នុងមួយខែ ដែលដូរជាលុយរូប (រូបិយប័ណ្ណរបស់រុស្ស៊ី) វិញបានត្រឹមតែ៤០០រូបប៉ុណ្ណោះ ហើយបើយក៤០០រ៉ូបទៅទិញនំប៉័ងវិញបានត្រឹមតែ៤០០នំប៉័ង ប៉ុណ្ណោះ។
នៅរៀនរដ្ឋរុស្សីបានដល់ឆ្នាំទីពីរ គឺនៅឆ្នាំ១៩៩២ លោកបានបាក់ចិត្តស្រឡាញ់នារីជនជាតិរុស្សីម្នាក់។ នៅសម័យនោះ ពិភពលោកមានការបែងចែកពណ៌សម្បុរ ពោលគឺបែងចែករវាងអ្នកនៅអាស៊ី នៅអឺរ៉ុប និងអ្នកនៅអាហ្វ្រិក។ តែនារីដែលរូបលោកស្រឡាញ់ មិនបានបែងចែកនោះទេ ដោយបានបាក់ចិត្តស្រឡាញ់លោកជា និស្សិតដ៏កម្សត់ គ្មានទ្រព្យធន ថែមទាំងមិនទាន់មានការងារទៀតផងនោះ។ ដោយសារមនោសញ្ចេតនាដ៏ជ្រាលជ្រៅបែបនេះ ទើបរូបលោកសម្រេចចិត្តរៀបការជាមួយគ្នានៅឆ្នាំ១៩៩២។
ជារឿងកម្សត់បំផុត ពេលខ្លះ លោកនិងភរិយា គ្មានអីញ៉ាំទាល់តែសោះ ជាពិសេសនៅរដូវរងា (ខែទឹកកក) លោកត្រូវបេះ[កន្ទិចអាល]ស្រុះជាមួយទឹកយកមកញ៉ាំជាមួយ នំប៉័ង។ នៅពេលព្រឹកគ្មានអីញ៉ាំទេក្រៅពី[ទឹកតែមួយពែង] ហើយជារៀងរាល់ពេលមុនទៅសាលា លោកញ៉ាំតែតែមួយពែងគត់។ លោកបញ្ជាក់ថា “ទៅរៀនមិនហ៊ាន អង្គុយមុខគេទេ… មិនមែនរៀនមិនចេះនោះទេ តែខ្លាចកូរពោះឭដល់មិត្តភ័ក្ដិអង្គុយជិត ពីព្រោះព្រឹកឡើងគ្មានអីញ៉ាំក្រៅពីទឹកតែមួយពែង នោះ…”។
នៅ ឆ្នាំ១៩៩៤ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដោយប្រឡងបញ្ចប់ទទួលបានជោគជ័យ និងទទួលបានពិន្ទុខ្ពស់ទៀតផង។ ក្រោយមក លោកបានបន្តថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាលា ដដែល។ ជីវិតនៅពេលកំពុងរៀនថ្នាក់អនុបណ្ឌិត ក៏មិនខុសអ្វី កាលពីនៅរៀនថ្នាក់បរិញ្ញាបត្រដែរ។ លោកត្រូវទៅធ្វើការស៊ីឈ្នួលគេដូចមុន ហើយត្រូវឆ្លៀតពេលរៀនខ្លួនឯងផង រហូតទទួលបានជោគជ័យថ្នាក់អនុបណ្ឌិត។ លោកថា “ពេលណាក៏ខ្ញុំដាក់សៀវភៅតាមខ្លួនដែរ មិនថាធ្វើការ មិនថាទៅទីណា សូម្បីដាំបាយក៏មើលដែរ ឲ្យតែមានពេលគឺមើលរហូត…”។
នៅឆ្នាំ១៩៩៥ លោក សុខ ទូច បានបញ្ចប់ថ្នាក់អនុបណ្ឌិត ហើយនៅពេលនោះប្រទេសរុស្សី ត្រូវការជ្រើសរើសនិស្សិតចំនួន១២នាក់ ចេញពីនិស្សិត៧០០នាក់មកពីប្រទេសជាង១២០ ដើម្បីឲ្យសិក្សាបន្តថ្នាក់បណ្ឌិត។ នៅពេលនោះ លោកត្រូវត្រឡប់មកស្រុកខ្មែរវិញ ដើម្បីស្រាវជ្រាវប្រវត្តិសាស្ត្រ និងបរិបទនយោបាយនៅកម្ពុជា សម្រាប់ធ្វើជាគម្រោងសរសេរនិក្ខេបបទការពារថ្នាក់អនុបណ្ឌិតដើម្បី ទទួលបានជោគជ័យសិក្សាបន្តថ្នាក់បណ្ឌិត។ ដោយសារតែ និក្ខេបបទរបស់លោកធ្វើបានល្អ និងការពារបានល្អផងនោះ ធ្វើឲ្យគណៈកម្មការវាយតម្លៃនិក្ខេបបទ បានឲ្យពិន្ទុលោកខ្ពស់ និងជាប់បានទៅសិក្សាបន្តថ្នាក់បណ្ឌិតក្នុងចំណោមសិស្សឆ្នើមទាំង ១២នាក់។ នៅពេលដែលលោក សុខ ទូច បន្តថ្នាក់បណ្ឌិត ភរិយារបស់លោកបានប្រសូតបុត្រាមួយទៀតក្នុងឆ្នាំ១៩៩៦ បន្ទាប់ពីនោះ ភរិយារបស់លោកបានឈប់រៀន ហើយលោកបានបញ្ចប់ថ្នាក់បណ្ឌិតទទួលបានជោគជ័យនៅឆ្នាំ១៩៩៩។
នៅពេលដែលលោក សុខ ទូច បន្តថ្នាក់បណ្ឌិត គឺបន្តជំនាញវិទ្យាសាស្ត្រនយោបាយ។ នៅពេលសរសេរនិក្ខេបបទ លោកសរសេរទាក់ទងទៅនឹងនយោបាយ។ តែដោយសារនៅសាលាដែលលោករៀន ពុំមានសាស្ត្រាចារ្យត្រួតពិនិត្យ និងវាយតម្លៃនិក្ខេបបទលើជំនាញនេះ គឺត្រូវទៅការពារនិក្ខេបបទរបស់ខ្លួននៅទីក្រុងមូស្គូ។ ដោយសារ ពុំមានលុយគ្រប់គ្រាន់ទៅការពារនៅទីនោះ លោក សុខ ទូច សុខចិត្តប្ដូរមកការពារផ្នែកប្រវត្តិសាស្ត្រវិញ។ អីចឹងហើយ ទើបលោកបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកប្រវត្តិសាស្ត្រ មិនមែនវិទ្យាសាស្ត្រនយោបាយទេ ខណៈដែលរៀនថ្នាក់បរិញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតជំនាញវិទ្យាសាស្ត្រនយោបាយ។
ក្រោយពីបញ្ចប់ថ្នាក់បណ្ឌិតសព្វគ្រប់ លោកបណ្ឌិត សុខ ទូច បាននាំភរិយា និងកូនទាំងពីរត្រឡប់មកស្រុកខ្មែរវិញ។ នៅពេលនោះ លោកបានដាក់ពាក្យបង្រៀននៅមហាវិទ្យាល័យក្នុងស្រុកខ្មែរមួយចំនួន ទាំងឯកជននិងរដ្ឋ តែសាលាទាំងនោះមិនព្រមទទួលលោកឲ្យបង្រៀនទេ ដោយគិតថាលោកក្មេងពេក និងថារូបលោកមិនបានរៀនអីទេ ដោយចោទថា [ទិញសញ្ញាបត្រ]។ ក្រោយមក លោក ក៏បានដាក់ពាក្យចូលធ្វើការនៅក្រសួងការបរទេស។ ដោយសារតែខ្វះសំលៀកបំពាក់ដើម្បីឲ្យសមមុខសមមាត់ជាមន្ត្រី ការទូត លោកក៏សុំប្ដូរដូរមកទីស្ដីការគណៈរដ្ឋមន្ត្រី តែដោយសារ ចូលចិត្តខាងស្រាវជ្រាវ មិនចូលចិត្តធ្វើការនៅការិយាល័យ ទើបលោកសម្រេចចិត្តទៅធ្វើការនៅរាជបណ្ឌិត្យសភាវិញរហូតដល់ សព្វថ្ងៃនេះ។
នៅរាជបណ្ឌិតសភាកម្ពុជា លោកបានសហការជាមួយដៃគូមួយចំនួនបង្កើតថ្នាក់អនុបណ្ឌិតមុនគេ បំផុតនៅក្នុងស្រុកខ្មែរ នៅក្នុងឆ្នាំ២០០០ ហើយក្រោយមកបង្កើតបានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិមួយទៀត ក្នុងឆ្នាំ២០០៤។
លោកបណ្ឌិត សុខ ទូច ថ្លែងប្រាប់សារព័ត៌មានសប្បាយថា ក្នុងឆ្នាំ២០០០ លោកបានចូលរួមបង្កើតសាលាឯកជនមួយ តែលោកសុំមិនបញ្ចេញឈ្មោះទេ ដែលបណ្ដុះបណ្ដាលលើជំនាញថ្នាក់បណ្ឌិតដំបូងក្នុងប្រទេសកម្ពុជា។ ពាក្យថាថ្នាក់បណ្ឌិតនេះ គឺលោកជាអ្នកផ្ដួចផ្ដើមឲ្យមានមុនគេបំផុត នៅក្នុងស្រុកខ្មែរ តែក្រោយពីសាលានេះទទួលបានជោគជ័យ ក៏បានដេញលោកចេញ។ ក្រោយមកលោក សុខ ទូច បានទៅបង្កើតសាលាឲ្យគេមួយទៀត ដែលលោកមានតួនាទីជាសកលវិទ្យាធិការ ហើយការណោះ ប្រាក់កម្រៃដែលលោកទទួលបានប្រមាណ១៥០០ដុល្លារក្នុងមួយខែ។ ៦០% ដែលលោកទទួលបានពីប្រាក់កម្រៃនេះ លោកយកមកទុកធ្វើជាទុនសម្រាប់បង្កើតសាកលវិទ្យាល័យរបស់ខ្លួន មួយទៀតគឺសាកលវិទ្យាល័យខេមរៈ។
នៅឆ្នាំ២០០៤ លោកបានបង្កើតសាកលវិទ្យាល័យនេះឡើង។ មានម្ចាស់ភាគហ៊ុនជាច្រើនជួយជ្រោមជ្រែងសាលា ដែលគេឲ្យប្រាក់បៀវត្សសកលវិទ្យាធិការរូបនេះត្រឹមតែ១៥០ដុល្លារ ប៉ុណ្ណោះ។ ប្រាក់បៀវត្សទាំងនេះ លោកបានបង្វែរទុកជាអាហារូបករណ៍ដល់សិស្សទាំងអស់។ លោកបានចូលរួមបង្កើតវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ្យបណ្ឌិតសភាកម្ពុជា ក្រោមចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី និងបានបង្កើតថ្នាក់អនុបណ្ឌិតដំបូងបំផុតនៅស្រុកខ្មែរ ហើយក្រោយមកបានក្លាយជាអនុប្រធានវិទ្យាស្ថាននេះ។
ក្រោយពីបានរស់នៅជួបជុំគ្នាជាមួយប្រពន្ធ និងកូនទាំងពីរបានប្រាំពីរឆ្នាំ ភរិយារបស់លោក មិនចេះរស់នៅប្រទេសកម្ពុជា ក៏នាំកូនទាំងពីរទៅប្រទេសរុស្សីវិញ។ លោកថា ប្រពន្ធរបស់លោក ចង់ឲ្យរូបលោកចូលជាសញ្ជាតិរុស្សី និងត្រឡប់ទៅរស់នៅរុស្សីដែរ តែលោកបដិសេធ។ លោកថា “វា ជារឿងឈឺចាប់បំផុត… ធ្លាប់រស់នៅក្នុងស្ថានភាពអន់ឃ្លានមានស៊ី និងតស៊ូជាមួយគ្នាជិតម្ភៃឆ្នាំតែត្រូវបែកគ្នា…ពីរឆ្នាំបន្ទាប់ ពីគាត់ចាកចេញទៅធ្វើឲ្យខ្ញុំវិលវល់មែនទែន!“។
បណ្ឌិត វ័យក្មេងរូបនេះបញ្ជាក់ពីមូលហេតុមិនត្រឡប់ទៅរស់នៅជាមួយ ប្រពន្ធនិងកូនជាទីស្រឡាញ់នៅរុស្សីថា ហេតុផលតែមួយគត់គឺស្រឡាញ់និងចង់ជួយប្រទេសខ្មែរ។ “ខ្ញុំបានទៅធ្វើជាវាគ្មិននៅប្រទេសជាច្រើននៅជុំវិញពិភពលោក …បើទោះបីជានៅស្រុកគេស្អាតប៉ុណ្ណាក៏ដោយ ក៏ខ្ញុំមើលឃើញ និងចង់រស់នៅតែប្រទេសខ្មែរមួយគត់…”។
លោកបណ្ឌិត សុខ ទូច អះអាងថា បើទោះបីលោកបានបញ្ចប់សញ្ញាប័ត្របណ្ឌិត និងមានឯកទេសខាងនយោបាយយ៉ាងណាក៏ដោយ ក៏លោកមិនចូលធ្វើនយោបាយដែរ ពីព្រោះលោកចង់បង្ហាញអ្វីដែលជាការពិតចំពោះការយល់ឃើញរបស់លោកដល់សាធារណជន ឲ្យចេះវិភាគ និងថ្លឹងថ្លែងពីការពិត។ លោកថា ”ខ្ញុំចង់បង្រៀននិងនិយាយពីអ្វីដែលជាការពិត… នៅពេលដែលលោកចូលប្រឡូកក្នុងនយោបាយ លោកនឹងមិនអាចបញ្ចេញអ្វីដែលពិតបានទៀតទេ ពីព្រោះការនិយាយមិនពិតគឺជាយុទ្ធសាស្ត្រយកឈ្នះរបស់អ្នក នយោបាយ…”។
+ស្នាដៃបោះពុម្ភផ្សាយរបស់លោកបណ្ឌិត សុខ ទូច
-ចលនាភូមិមួយផលិតផលមួយ បោះពុម្ពឆ្នាំ២០០២
-តួនាទីអង្គការសហប្រជាជាតិ បោះពុម្ពឆ្នាំ២០០៣
-ទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ បោះពុម្ពឆ្នាំ២០០៣
-ទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ចិន និងវៀតណាម បោះពុម្ពឆ្នាំ២០០៧
-វេទិកា បណ្ឌិតសភាលើកទី៣ ស្ដីពីខួបទី១៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយរួមនៅកម្ពុជា បោះពុម្ពឆ្នាំ២០០៨
-ទំនាក់ទំនងអន្តរជាតិ កម្ពុជាក្រោមក្រសែភ្នែកមហាអំណាច បោះពុម្ពឆ្នាំ២០០៣
-ទស្សនាវដ្ដីវិទ្យាសាស្ត្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លេខ ១ បោះពុម្ពឆ្នាំ២០០៨
-ទស្សនាវដ្ដីវិទ្យាសាស្ត្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លេខ ២ បោះពុម្ពឆ្នាំ២០០៩
-ទស្សនាវដ្ដីវិទ្យាសាស្ត្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា លេខ ៣ បោះពុម្ពឆ្នាំ២០១០
-ទំនាស់ព្រំដែនរវាងប្រទេសថៃនិងប្រទេសជិតខាង បោះពុម្ពឆ្នាំ២០១០