យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនមួយ បានឲ្យដឹងថាកំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតម្នាក់របស់ចិន ត្រូវទទួលរងការផាកពិន័យជាទឹកប្រាក់ចំនួន ២១០ លានដុល្លារ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទគេចពន្ធ។
ជាក់ស្តែងអ្នកនាង Haung Wei ដែលត្រូវបានគេស្គាល់ថា Viya គឺជាតារាដ៏ល្បីល្បាញបំផុតម្នាក់ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ជាពិសេសនៅលើទីផ្សារឌីជីថល ដូចជា Alibaba និង Taobao ។ ខណ:នាងគឺជាមនុស្សដែលមានឥទ្ធពលបំផុត ក្នុងការលក់ផលិតផលផ្សេងៗបានយ៉ាងច្រើន តាមរយ:ការ Live វីដេអូ ដោយសារតែមានអ្នកតាមដាននាងជាច្រើនលាននាក់ឯណោះ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់ប្រទេសចិន បានធ្វើការចោទប្រកាន់ទៅលើនាង ពីបទគេចពន្ធ ពោលគឺនៅរវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ និងរួមទាំងការលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន ក៏ដូចជាការកុហកចំពោះប្រភពចំណូលមួយចំនួនរបស់នាងផងដែរ ។
យ៉ាងណាមិញ ប្រភពព័ត៌មានពី Bloomberg បានរាយការណ៍ថា នាងបានសរសេរសារសុំទោស នៅគណនី Weibo របស់នាងភ្លាមៗ ដោយបានទទួលយកថានាងពិតជាបានធ្វើខុសខ្លាំង និងបានទទួលចំណាត់ការពីសំណាក់និយតករ ហើយនឹងព្រមមធ្វើការបង់ប្រាក់ពិន័យថែមទៀតផង ។
ដោយឡែកបន្ទាប់ពីមានការផាកពិន័យនេះ គណនីផ្លូវការរបស់អ្នកនាង នៅលើបណ្តាញសង្គមធំៗ ដូចជា Taobao Live, Weibo , Douyin និង Tik Tok ចិន គឺត្រូវបានលុបចោលទាំងស្រុង គិតត្រឹមថ្ងៃច័ន្ទ ទី ២០ ធ្នូ ៕
ប្រភព: Insider