សម្តេច ហ៊ុន សែន៖ ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា «មាយាទស្ត្រីខ្ជិលធ្លុះ» នោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ រកចំណូលបានជាង ៤ពាន់លានដុល្លារ ខណៈចំណូលនេះធ្លាក់ច្រើនបើធៀប មុនពេលមិនទាន់មានកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានអះអាងថា នៅតែអាចជួយឲ្យកម្ពុជាគ្រប់គ្រងស្ថានភាពចំណាយបាន ដោយសារតែរាជរដ្ឋាភិបាលមានការគ្រប់គ្រងថវិកាបានត្រឹមត្រូវ ដែលហៅថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា «មាយាទស្ត្រីខ្ជិលធ្លុះ» នោះឡើយ។

បើតាមសម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងពេលវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋ ដែលទទួលរងនូវការប៉ះពាល់ជីវភាពជិត៣លាននាក់ ក្នុងនោះមួយខែ ត្រូវចំណាយថវិកាជាង ៣០លានដុល្លារអាមេរិក។ សម្តេចបន្តថា ថវិកាដែលយកទៅប្រើប្រាស់ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ នៅក្នុងពេលវិបត្តិកូវីដ១៩នេះ គឺជាថវិកាដែលរាជរដ្ឋាភិបាលកម្ពុជា បានសន្សំទុក។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ក្នុងន័យដើមថា «យើងត្រូវទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋរបស់យើង ជិត៣លាននាក់ ដែលមួយខែយើងចំណាយប្រមាណ ជាង៣០លានដុល្លារ មិនទាន់គិតដល់អ្វីដែលយើងត្រូវផ្ដល់ជូននៅតាមមន្ទីរពេទ្យនានា»