ថ្លែងចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីគយក្នុងឱកាសដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែនបានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។
សម្តេចថ្លែងថា ការពន្យាឱ្យដល់ឆ្នាំ ២០២៥ ជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី។ ទុកឱ្យធ្វើទំនើបកម្មគយឱ្យបានថែមបន្តិចទៀត ហើយ គុណ ញឹម ក៏មិនទាន់ចាស់ប៉ុន្មានដែរ។ សម្តេចក៏ដឹងថា មានអ្នកខ្លះប្រុងរត់ការដើម្បីសុំកន្លែងធ្វើមេគយ។ អ៊ីចឹងអ្នកដែលចង់រត់ការធ្វើមេគយអីមិនបាច់រត់ទេ។
ក្រៅពីប្រកាសបន្តតំណែងលោកគុណ ញឹម ប្រមុខរដ្ឋាភិបាលបានថ្លែងចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពយុទ្ធសាស្ត្រគៀងគរចំណូល លុបបំបាត់ទាំងស្រុងនូវអំពើរត់គេចពន្ធ ពង្រឹងសមត្ថភាពធនធានមនុស្ស និងគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ជាដើម៕